អភិបាលខេត្ត​កំពង់ចាម បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កៅស៊ូ DBST ប្រវែង ៦.៥៥០​ម៉ែត្រ និង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​កៅស៊ូ​AC ៤​ខ្សែ ប្រវែង​៤.៤១៥​ម៉ែត្រ​

អត្ថបទ៖ នួន សត្យា

អាជ្ញាធរខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ បានរៀបចំ​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង ៦.៥៥០​ម៉ែត្រ ពី​ភូមិ​បឹង​បាសាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដល់​ភូមិ​អូរ​ឈ្លើង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម និង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​កៅស៊ូ​AC ៤​ខ្សែ ក្នុង​ក្រុង​កំពង់ចាម​ប្រវែង ៤.៤១៥ ម៉ែត្រ ផងដែរ ។

​ ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ថ្មី ក្រាល​កៅស៊ូ DBST ដែលមាន​ប្រវែង ៦.៥៥០ ម៉ែត្រ​នោះ ទទឹង​ប្រវែង​៧ ម៉ែត្រ គឺ​អាជ្ញាធរខេត្ត​មាន​គោលបំណង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ចាម ទាំង​៤ សង្កាត់ មានឱកាស​លើកកម្ពស់​ជីវភាព រស់នៅ​មាន​ភាព​ស៊ីវីល័យ​ដូចៗ​គ្នា ដូច្នេះ​អត្ថិភាព​ភាព​ក្នុងការ​អភិវឌ្ឍ​ដំបូង​គឺ​ការស្ថាបនា​ផ្លូវ​មុនគេ ។ ម្យ៉ាងទៀត អាជ្ញាធរខេត្ត​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​បន្ត ពី​ថ្នាក់ដឹកនាំ​មុនៗ ដើម្បី​លើកកម្ពស់​សោភ័ណភាព​របស់​ខេត្ត និង​អាច​ឈានទៅ​ដណ្ដើម​ជ័យលាភី រំដួល ៣​ទង នៃ​ទីក្រុង​ស្អាត​ផងដែរ ដែល​និង​ត្រូវ​វាយតម្លៃ ដាក់ពិន្ទុ​ដោយ​ក្រសួងទេសចរណ៍ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា ផ្លូវ​មួយ​ខ្សែ​នេះ​ផងដែរ ការស្ថាបនា​មាន​ទុក​ចំណីផ្លូវ ទៅតាម​គំនូស​ប្លង់​របស់​មន្ទីរ​ដែនដី នគររូបនីយកម្ម ហេតុដូច្នេះ​ក្នុងការ​ស្ថាបនា សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ ចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ និង​ក្រុមការងារ​សាងសង់​ផ្លូវ ដើម្បី​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ នឹងមាន​សោភ័ណភាព នៅក្នុង​មូលដ្ឋាន​ក៏ដូចជា​ក្នុង​ក្រុង​កំពង់ចាម​របស់​យើង ។​

​ ឯកឧត្តមអភិបាលខេត្ត​បានឱ្យដឹង​ទៀតថា ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង និង​ជា​ផ្លូវ​ប្រវត្តិសាស្ត្រ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចង់បាន ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ ។ ដូច្នេះ​ការស្ថាបនា​ផ្លូវ​នេះ អាច​រួចរាល់​ជា​ស្ថាពរ​ក្នុង​រយៈពេល​យ៉ាងយូរ ៦​ខែ​ប៉ុណ្ណោះ បងប្អូន​ប្រជាពលរដ្ឋ​យើង នឹង​អាច​ប្រើប្រាស់​ផ្លូវ​នេះ​បាន​ហើយ ។​