អត្ថបទ៖ ចិន សារ៉ាត

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ មានប្រវែង ៦.៥៥០ម៉ែត្រ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន ៥ខ្សែ ប្រវែង ៥.២៥៥ម៉ែត្រ ក្នុងក្រុងកំពង់ចាម ។
នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា ផ្លូវដែលបើកការដ្ឋានស្ថាបនា គឺជាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBST មានប្រវែង៦.៥៥០ម៉ែត្រ គុណនឹងទទឹង ៧ម៉ែត្រ និងលូជ្រុងទោល ប្រវែង ៩ម៉ែត្រ ចំនួន ២កន្លែង ចាប់ពីចំណុចខាងមុខសាលាបឋមសិក្សាបឹងបាសាក់ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ឆ្ពោះទៅផ្លូវខេត្ត លេខ ២៧០ ត្រង់ចំណុចភូមិអូរឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម ។ ដោយឡែក គម្រោងផ្លូវដែលសាងសង់រួចរាល់ជាស្ថាពរ ហើយនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះដែរ គឺមានចំនួន ០៦ខ្សែ គឺ ៖ ១.ផ្លូវអ៊ុតកៅស៊ូ ប្រភេទ AC ប្រវែង ៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីស្តុបលំហែរ ផ្លូវលេខ៧ ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ទល់ផ្លូវលេខ៧ ចាស់មុខសាលាកសិកម្ម ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ២.ផ្លូវអ៊ុតកៅស៊ូប្រភេទ AC ប្រវែង ៧៧១ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ៣.ផ្លូវក្រាលកៅស៊ូប្រភេទ AC ប្រវែង ៨៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ វិថីកម្ពុជាក្រោម (ចាប់ពីរង្វង់មូល ១-៧៩ ដល់ផ្សារបឹងកុក) ភូមិទី១៣ សង្កាត់បឹងកុក ។ ៤.ផ្លូវអ៊ុតកៅស៊ូ ប្រភេទ AC ប្រវែង ១.៥៦២ម៉ែត្រ ទទឹង ១០ម៉ែត្រ ចាប់ពីកែងរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ទល់ផ្លូវព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

៥.ផ្លូវអ៊ុតកៅស៊ូប្រភេទ AC ប្រវែង ១.៥៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ប្រវែង ៣.១៤០ម៉ែត្រ ចាប់ពីរង្វល់មូលនាងគង្ហីង ដល់ស្ពានព្រែកដើមចាន់ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ និង៦.ផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង ២.៨៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិប្រសំ និងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ។
ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់ដែរថា ផ្លូវដែលយើងត្រូវបើកដ្ឋានស្ថាបនា នាពេលនេះ គឺជាផ្លូវដែលយើងទាំងអស់គ្នា បានរង់ចាំជាយូរមកហើយ និងក៏ដូចជាចត្ខុវិស័យ របស់អតីតអភិបាលខេត្តកំពង់ចាម ក្នុងការផ្ដោតការយកចិត្តទុកដាក់ ជម្រុញធ្វើឲ្យសមិទ្ធផលក្នុងសង្កាត់សំបួរមាស មានការអភិវឌ្ឍរីកចំរើន ដូចគ្នា ទៅនឹងសង្កាត់ ៣ផ្សេងទៀត របស់ក្រុងកំពង់ចាម ផងដែរ ។ ដោយឡែក គម្រោងផ្លូវទាំង ០៦ខ្សែ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ មានផ្លូវពីរប្រភេទ គឺ ៖ ជាប្រភេទកៅស៊ូ DBST មាន ១ខ្សែ និងប្រភេទកៅស៊ូ AC ចំនួន ០៥ខ្សែ ។ ឯកឧត្ដម បន្តថា គម្រោងផ្លូវអ៊ុតកៅស៊ូ AC ទាំង ០៥ខ្សែ នេះ ដំបូងឡើយ គឺជាប្រភេទផ្លូវ DBST ក៏ប៉ុន្តែ ដោយសារ ការរងការខូចខាត ជាពិសេស ភាពទ្រុឌទ្រោម នៃផ្លូវ ដោយសារអាយុកាលនោះ ទើបរដ្ឋបាលខេត្តកំពង់ចាម សម្រេចអ៊ុតកៅស៊ូពីលើ ២ជាន់ ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានសូមការយោគយល់អធ្យាស្រ័យ ចំពោះ សំណង់តាមដងផ្លូវមួយចំនួន មានការប៉ះពាល់ ពីព្រោះថា នៅពេលក្រុមការងារចុះអនុវត្ត នឹងត្រូវធ្វើការពង្រីក ដែលទាមទារឲ្យរួមគ្នាដោះស្រាយ ដើម្បី យើងទទួលបានផ្លូវស្អាត ត្រូវតាមស្តង់ដារបច្ចេកទេស ។ ដោយឡែក ចំពោះមុខ យើងចលនាគ្នា ជាពិសេស នៅពេលផ្លូវស្ថាបនា រួចរាល់នោះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួម ដាំដើមឈើ និងដាក់អំពូលបំភ្លឺ ពោលគឺ ផ្ទះមួយដាំដើមឈើ ១ដើម ឬក៏ផ្ទះមួយ អំពូលសូសឡា ១ដើម ដើម្បី ឲ្យភូមិ សង្កាត់របស់យើង ក្លាយទៅជាភូមិ សង្កាត់ស្រស់ស្អាត មានសោភណ្ឌភាពល្អ និងផាសុខភាព សម្រាប់ប្រជាពលរដ្ឋយើងគ្រប់ៗគ្នា ផងដែរ ៕