អភិបាលខេត្ត​កំពង់ចាម៖ សមិទ្ធផល បានកើត​ឡើងជា​បន្តបន្ទាប់​ ​ដោយសារ​ប្រទេសជាតិ មាន​សុខសន្តិភាព​

ដោយ៖ ចិន សារ៉ាត

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម ថ្លែងថា ៖ «​សមិទ្ធផល បានកើត​ឡើងជា​បន្តបន្ទាប់ ដោយសារ​ប្រទេសជាតិ មាន​សុខសន្តិភាព​» ។ ថ្លែង​យ៉ាង​ដូច្នេះ ក្នុងឱកាស ដែល​ឯកឧត្ដម អញ្ជើញ​ចូលរួម​ក្នុង​ពិធី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារសិក្សា ១​ខ្នង នៅ​សាលាបឋមសិក្សា អនុវិទ្យាល័យ​មេ​មាំ​ង និង​ផ្លូវ​បេតុង ២​ខ្សែ ស្ថិតនៅ​ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ ។​

​ឯកឧត្ដម អ៊ុន ចាន់​ដា មានប្រសាសន៍​បន្តថា ក្រោម​ការដឹកនាំ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​ខិតខំ​ប្រឹងប្រែង កសាង​នូវ​សុខសន្តិភាព យ៉ាង​លំបាក​បំផុត និង​បាន​នាំមក​នូវ​ការអភិវឌ្ឍ​រីកចំរើន លើ​គ្រប់​វិស័យ ។ លើសពីនេះទៅទៀត សុខសន្តិភាព​នេះ បាន​ជម្រុញ​ធ្វើ​ឲ្យ​កម្រិតជីវភាព របស់​បងប្អូន​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរឡើង ពីមួយថ្ងៃ​ទៅ មួយថ្ងៃ ។ ទន្ទឹមនឹង​នោះដែរ តាមរយៈ ការអភិវឌ្ឍន៍​នេះដែរ រាជរដ្ឋាភិបាល បាន​យក​វិស័យ​ផ្លូវថ្នល់ និង​វិស័យ​ធនធានមនុស្ស ជា​វិស័យ​អទិភាព ក្នុងចំណោម​វិស័យ ៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​២ ។

ឯកឧត្ដម អភិបាលខេត្ត បញ្ជាក់ថា «​មាន​សន្តិភាព គឺមាន​ការអភិវឌ្ឍ​» ។ យ៉ាងណា​ម៉ិ​ញ នៅថ្ងៃនេះ សមិទ្ធផល​ដែល​ប្រជាពលរដ្ឋ​យើង នឹកស្មាន​មិន​ដល់ គឺ ៖ ផ្លូវ​បេតុង ២​ខ្សែ និង​សាលារៀន ១​ខ្នង មាន ៥​បន្ទប់ ត្រូវបាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ និង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផងដែរ ។ ឯកឧត្ដម បន្ថែម​ដែរ​ថា សន្តិភាព នាំមក​នូវ​គុណ​តម្លៃ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង បានរស់នៅ​ជួបជុំ​ក្រុមគ្រួសារ សាច់​ញ្ញា​ត្តិ និង​ប្រកបការងារ ដោយ​សុខដុមរមនា ។ ក្រៅពីនោះ រាជរដ្ឋាភិបាល បានរៀបចំ​កិច្ចការរដ្ឋបាល ដោយ​បង្កើត​នូវ​ច្រកចេញចូល​តែមួយ ដើម្បី ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង បាន​ប្រើប្រាស់​សេវា ទាន់ពេលវេលា ផងដែរ ។​

​លោក ឡោ ចាន់​លី អភិបាលស្រុក​ព្រៃឈរ បានធ្វើ​របាយការណ៍ ឲ្យ​ដឹងថា វិស័យ​អប់រំ​យុវជន និង​កីឡា នៅ​ទូទាំង​ស្រុក មាន​សាលាបឋមសិក្សា​ចំនួន ៥៩​កន្លែង អនុវិទ្យាល័យ ១២​កន្លែង វិទ្យាល័យ ០៥ កន្លែង និង​ម​ត្តេ​យ្យ​ធនធាន​មួយកន្លែង សរុប​សាលា​មាន​ចំនួន ៧៧​កន្លែង មាន​អាគារ​ចំនួន ១៨៦​ខ្នង ស្មើនឹង ៨២១​បន្ទប់ ។ ដោយឡែក សមិទ្ធផល និង​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ថ្ងៃនេះ មាន​អគារសិក្សា ១​ខ្នង មាន ៥​បន្ទប់ និង​ផ្លូវ​បេតុង ២​ខ្សែ មាន​ប្រវែង ៥.១៤០​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក៏ដូចជា ទុក​ជូន​លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្ស​នុ​សិស្ស បាន​បង្រៀន និង​សិក្សា​រៀនសូត្រ ៕