អភិបាលខេត្ត​កំពង់ចាម ចុះ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងសង្កាត់បឹង​កុក ក្រុងកំពង់ចាម ដើ​ម្បីដោះស្រាយបញ្ហាចំពោះមុខ

អត្ថបទ៖ លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន នា​រសៀល ថ្ងៃ ទី ២១ ខែតុលា ឆ្នាំ ២០២០ នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល បណ្ដាល ឲ្យ ប៉ះពាល់ ដល់ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ មួយ ចំនួន និង លំនៅឋាន របស់ បងប្អូន ប្រជាពលរដ្ឋ នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។

​ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព ជំនន់ ទឹក ភ្លៀង នេះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន ធ្វេ​ី ការ ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ រួម​នឹង អាជ្ញាធរ មូលដ្ឋាន ធ្វើ យ៉ាងណា ត្រូវ ប្រឹងប្រែង ឲ្យ អស់ លទ្ធភាព ក្នុង ការ រក វិធីសាស្ត្រ ដេ​ី​ម្បី ដោះស្រាយ បញ្ហា ចំពោះមុខ ជូន ប្រជាពលរដ្ឋ ជាបន្ទាន់ ដោយ ត្រូវ ប្រេ​ី​ប្រាស់ គ្រឿងចក្រ ជីក កកាយ ជា ចង្អូរ បង្ហូរ ទឹក នោះ ចេញ ដេ​ី​ម្បី សម្រួល ដល់ ការ ធ្វើ ដំណើរ ក៏ដូចជា ការ រស់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ នៅ តំបន់ នោះ និង ជៀសវាង ខូចខាត ធ្ងន់ធ្ងរ ដល់ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ផងដែរ ។

​ពាក់ព័ន្ធ ទៅ នឹង ករណី ជំនន់ ទឹក ភ្លៀង នេះដែរ បេ​ី​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​បង្ហាញថា ខេត្តកំពង់ចាម បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅតាម​បណ្ដា​ក្រុង ស្រុក បង្ក ឲ្យ មាន ការ​ខូ​ខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែល​ក្នុងនោះ​មាន ៖ ប៉ះពាល់​ដំណាំ​ស្រូវវស្សា​ចំនួន ៧៨៣​ហ​.​ត (​ក្នុងស្រុក​ជើងព្រៃ និង​ស្រុក​ស្ទឹងត្រង់​) ។ លិច​ផ្លូវ​កៅស៊ូ​ប្រវែង ៧.៧០០​ម៉ែត្រ និង​ខូច​ស្រទាប់​គ្រឹះ ដាច់​ចិញ្ចើមផ្លូវ​ប្រវែង ៦.០០០​ម៉ែត្រ ខូច​ផ្លូវ​ក្រួស​ក្រហម​ប្រវែង ២.១០០​ម៉ែត្រ ស្រុត​ប្រេះ​តួ​ផ្លូវ​កៅស៊ូ​ប្រវែង ៥៥​ម៉ែត្រ បាក់​លូ​រំដោះ​ទឹក​បណ្ដោយ ៧​ម៉ែត្រ ។ ក្រៅពីនោះ ជំនន់​ទឹកភ្លៀង ក៏បាន​បង្ក​ឲ្យ​លិច​សាលារៀន​ចំនួន ១៨​កន្លែង (​ប៉ុន្តែ សាលា​បាន​បើក​ឲ្យ​ដំណើរការ​សិក្សា​វិញ​ហើយ ដោយសារ​ទឹកជំនន់ លិច​រយៈពេល​ខ្លី​) និង​បាក់​របង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ប្រវែង ៣០​ម៉ែត្រ (​នៅ​ឃុំ​ដងក្ដារ ស្រុក​ស្ទឹងត្រង់​) ។ ទន្ទឹមនឹង​ផលប៉ះពាល់ នេះដែរ អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ ក៏បាន​ចុះជួយ​អន្តរាគមន៍ និង​ដោះស្រាយ​តាម​លទ្ធភាព​បាន​មួយចំណែក ផងដែរ ៕​