អភិបាលខេត្ត​កំពង់ចាម បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ក្នុង​សង្កាត់​បឹង​កុក និង​ស្រុក​កំពង់សៀម

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នា​រសៀល​ថ្ងៃទី ២២ ខែតុលា​ឆ្នាំ ២០២០ នេះ បាន​បន្ត​ដឹកនាំ​ក្រុមការងារ មាន​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​បឹង​កុក និង​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

​ដោយសារ​ជំនន់​ទឹកភ្លៀង ចេះតែ​បន្ត​កើនឡើង ធ្វើឱ្យមាន​ទឹក​ហូរ​កាត់​ផ្លូវ​ជាច្រើន​កន្លែង ក្នុង​សង្កាត់​បឹង​កុក និង​មាន​ផលប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ផងដែរ ។

​ទន្ទឹមនឹងនេះ អភិបាលខេត្ត​កំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​បាន​ចាត់វិធានការ ពិនិត្យ​តាម​ប្រព័ន្ធ​លូ និង​ប្រើ​គ្រឿងចក្រ ដើម្បី​កាយ​បើកមុខ​ទឹក ឱ្យ​ហូរ​បាន​លឿន​បញ្ចៀស​កុំ​ឲ្យ​ទឹក​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ។

​ដោយឡែក នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់សៀម នៅវេលា​ម៉ោង​ប្រមាណ ១០:៣០​នាទី​ព្រឹក នៅ​ចំណុច​ច្រកចូល​ព្រលានយន្តហោះ​ចាស់ មុខ​រោងចក្រ​វាយនភ័ណ្ឌ​ខេត្តកំពង់ចាម ស្ថិតនៅ​ក្នុងភូមិ​អំពិល​លើ ឃុំ​អំពិល រង​ការប៉ះពាល់ ដោយសារ​កម្រិត​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់ ជាហេតុ​បណ្ដាលឱ្យមាន​ការហូរ​ច្រោះ​ផ្លូវ ។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ខាង​អាជ្ញាធរ បា​នរក​វិធីសាស្ត្រ​រំដោះ​ទឹក​ចេញ និង​កាយ​ប្រព័ន្ធ​លូ​ដែល​រង​ការកក់ស្ទះ នៅ​តំបន់​នោះ លុះ​រហូតដល់​រសៀល​ថ្ងៃ​ដដែល​នេះ ស្ថានភាព​ទឹក​ហូរ​ច្រោះ ផ្លូវ មានការ ថមថយ រីឯ​អ្នកដំណើរ​តាម​រថយន្ត អាចធ្វើ​ចរាចរ​ណ៏​ទៅមក​ជាធម្មតា ។​