អភិបាលខេត្ត​កំពង់ចាម ក្រើនរំលឹក និង​បញ្ជាក់ប្រាប់​សិស្ស និស្សិត​ថា « ប្អូនៗ​គឺជា​អ្នក​កាន់​កូនសោ សម្រាប់​បើក​ជោគវាសនា​របស់ខ្លួន​នាពេល​អនាគត »

នួន សត្យា

(​កំពង់ចាម​)៖ « ប្អូនៗ​គឺជា​អ្នក​កាន់​កូនសោ សម្រាប់​បើក​ជោគវាសនា​របស់ខ្លួន​នាពេល​អនាគត » នេះ​ជា​ប្រសាសន៍​របស់​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា ថ្លែង​ក្រើនរំលឹក​ដល់​សិស្ស និស្សិត​ទាំងអស់ នា​ព្រឹក​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ខណៈពេល​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២១-២០២២ និង​ចែក​ប័ណ្ណសរសើរ ដល់​និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៅ​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ខេត្តកំពង់ចាម ។​

​ ឯកឧត្តម ​អភិបាលខេត្ត បាន​ថ្លែង​បញ្ជាក់ទៀតថា « ចំពោះ​ប្អូនៗ​សិស្ស និស្សិត​ទាំងអស់​ត្រូវ​ចងចាំ​ថា ប្អូនៗ គឺជា​អ្នក​កាន់​កូនសោ​សម្រាប់​បើក​ជោគវាសនា​របស់ខ្លួន​នាពេល​អនាគត ហើយ​មានតែ​ការអប់រំ និង​ចំណេះដឹង​ប៉ុណ្ណោះ​ទេ ដែល​អាច​បើកផ្លូវ​ឱ្យ​ប្អូនៗ​ទាំងអស់ ទទួលបាន​អនាគត​ដ៏​រុងរឿង »​។ ចំណេះវិជ្ជា និង​សីលធម៌ ជា​ក្រុមគ្រួសារ ដូចនេះ ចូរ​ប្អូនៗ​សិស្ស​និស្សិត​ទាំងអស់ ត្រូវខិតខំ​សិក្សា​ស្រាវជ្រាវ​ធ្វើខ្លួន​ឱ្យ​ក្លាយជា “​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ​” ត្រូវ​ចៀសវាង​ការប្រព្រឹត្ត​អំពើ​មិន​គប្បី​ទាំងឡាយ ដែលជា​កង្វល់​ចំពោះមុខ​របស់​សង្គម​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​ ឯកឧត្តម ​អភិបាលខេត្ត​បាន​បញ្ជាក់ថា ឆ្នាំ​សិក្សា​ថ្មី​នេះ និង​ឆ្នាំ​សិក្សា​បន្ត​ខាងមុខ​ទៀត ជា​បញ្ហា​ដែល​ត្រូវ​ប្រឈមមុខ គឺ​ការលើកកម្ពស់​គុណភាព​អប់រំ​ឧ​ត្ត​មសិ​ក្សា​ឱ្យមាន​តុល្យភាព សមស្រប​ទៅនឹង​ទីផ្សារការងារ និង​ការពង្រីក​បរិមាណ​អប់រំ ដែល​ប្រការនេះ គឺជា​គោលដៅ​ពីរ​នៃ​សកម្មភាព​មួយ​ដែល​មិនអាច​ផ្តាច់ចេញ​ពីគ្នា​បាន​។ ការលើកកម្ពស់​គុណភាព​អប់រំ ត្រូវ​កែលម្អ​ល័ក្ខខ័ណ្ឌ​ចាំបាច់​នានា នៃ​សកម្មភាព​បង្រៀន និង​រៀន និង​បន្ថែម គ្រូបង្រៀន ពីព្រោះថា ចំនួន​និស្សិត​ចូលមក​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កាន់តែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំណែក ឯ​តម្រូវការ​របស់​ទីផ្សារការងារ ក៏ដូចជា​សង្គម​សុទ្ធតែ​ទាមទារ​រក​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​។​

​លោក​មួន វាសនា សាកលវិទ្យាធិការ​ង​នៃ​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថា ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​សិក្សា ២០២១-២០២២ ការអភិវឌ្ឍ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្តកំពង់ចាម មាន​ផែនការ​យុទ្ធសាស្ត្រ​រយះ​ខ្លី រយៈពេល​មធ្យម និង​រយះពេល​វែង ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​រំកិល និង​ការពិនិត្យ​តាមដាន​លទ្ធផល​ជាក់លាក់ ពី​១​ឆ្នាំទៅ​១​ឆ្នាំ​អោយស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​

​សាកលវិទ្យាល័យ នឹង​អនុវត្តន៍​ន៏​តាម​ចក្ខុវិស័យ​ច្បាស់លាស់​ប្តេជ្ញា​បណ្តុះ បណ្តាល​និស្សិត​អោយមាន គុណភាព សមត្ថភាព និង ក្រមសីលធម៌ ធ្វើអោយ​សញ្ញាបត្រ​របស់​UME កាន់តែ​មានការ​ទទួល​ស្គាល់​នៅក្នុង​កំរិត​ជាតិ កំរិត​តំបន់​អាស៊ាន និង​អន្តរជាតិ​បន្ថែមទៀត នឹង​ខិតខំ​ស្វះ​ស្វែងរក​ដៃគូ​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត​ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​អនុវត្ត តាមរយៈ​ការធ្វើ​សិក្ខា​សិលា​ចែករំលែក​បទពិសោធន៍​ការងារ ស្តែង​ដល់​និស្សិត ផ្តល់ឱកាស​ឱ្យ​និស្សិត​អាច​ចុះ​កម្មសិក្សា ស្វែងរក​ការងារ​ធ្វើ ទទួលបាន​ផ្តល់​ហា​រូបករណ៍ និង​ទស្សនកិច្ច​សិក្សា នៅក្រៅ​ប្រទេស​ផងដែរ​៕​