អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បានផ្តល់ជូនពលរដ្ឋដែលរងគ្រោះដោយភ្លេីងឆេះផ្ទះនៅស្រុកកំពង់សៀម

កំពង់ចាម ៖ អំណោយមនុស្សធម៌ របស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់សៀម និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់សៀម ព្រមទាំងរបស់សាលាអនុគុណស្រុក រួមទាំងអាជ្ញាធរមូលដ្ឋានឃុំវិហារធំ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ នេះដែរ ឯកឧត្តម
លី ថៃហាក់ អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ដោយមានការនិមន្តចូលរួមពីព្រះសង្ឃមន្ត្រីសាលាអនុគណស្រុកកំពង់សៀម លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់សៀម ព្រមទាំងសហការី និងអាជ្ញាធរឃុំវិហារធំ បាននាំយកថវិកា សម្ភារៈបរិក្ខា ដែលជាអំណោយរបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់សៀម និងលោកជំទាវ ម៉ក់ សុីថា មកប្រគល់ដល់ប្រជាជនដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារ ដែលរស់នៅក្នុងឃុំវិហារធំ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លី ថៃហាក់ អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ ឯកឧត្តម វេង សាខុន ប្រធាន ក្រុម ការងារ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាពិសេសនោះ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែ សម្ដេច លោកតែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខជាប្រចាំ ចំពោះ ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង«មិនទុកនរណាម្នាក់ចោល» ។ ជាមួយគ្នានេះដែរ ឯកឧត្តម លី ថៃហាក់ អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម បានមានប្រសាសន៍ថា ពិតជាស្តោកស្តាយបំផុត នូវការបាត់បង់និងខូចខាត ហេីយក៏សូមបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ផងដែរ ចំពោះ គ្រោះមហន្តរាយគ្រោះអគ្គីភ័យ មួយនេះ និងកុំមានការធ្វេសប្រហែស។

សូមជម្រាបជូនដែរថា អំណោយមនុស្សធម៍ ដែលយកមកប្រគល់ដល់ពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារ ដែលរស់នៅក្នុងឃុំវិហារធំ ស្រុកកំពង់សៀមនេះរួមមាន៖ អង្ករ៩ការ៉ុង , ទឹកត្រី ១៣យួរ, ទឹកស៉ីអ៉ីវ១៣យួរ, ត្រីខ១៣យួរ , ទឹកបរិសុទ្ធ ៤កេស , ទឹកក្រូច ២, មី១៤កេស,សម្ភារៈ ប្រេីប្រាស់មួយឈុតធំ និងថវិកា របស់ ឯកឧត្តម វេង សាខុន ប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងលោកជំទាវ ចំនួន២លានរៀល, ថវិកា របស់ ឯកឧត្តម ពុំ ស៉ីថា ប្រធានក្រុមការងារចុះជួយឃុំ វិហារធំ ៥០ម៉ឺនរៀល, ថវិកា ព្រះសង្ឃ សាលាអនុគណស្រុកកំពង់សៀម ១១៨០០០០រៀល និងថវិកាអនុសាលាកាកបាទក្រហមស្រុកកំពង់សៀមចំនួន២០ម៉ឺន រៀល ៕