លោក​ជំទាវ ប៉ាងដានី ចូលរួមវគ្គបណ្ដុះបណ្ដាលអប់រំស្ដីពី អ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមរយៈប្រព័ន្ធ zoom

នាព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣  លោក​ជំទាវ ប៉ាងដានី អនុប្រធានប្រតិបត្តិសមាគមនារីសាខា ខេត្តកំពង់ចាម បានដឹកនាំសមាជិកាសមាគមនារី កម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម ចូលរួមវគ្គបណ្ដុះបណ្ដាលអប់រំស្ដីពី អ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្រោមអធិបតីភាពលោកជំទាវ តាន់ ផល្លី សមាជិកា គណអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍  ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជ៉ំតូច នៃរដ្ឋបាលសាលាខេត្ត ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ដោយផ្ទាល់ ៣៥នាក់ និងតាមរយៈ ប្រព័ន្ធអនឡាញ សរុបចំនួន ២៣៥ នាក់ ផងដែរ ។


        នាឱកាសនោះ លោក​ជំទាវ ប៉ាង ដានី អនុប្រធានប្រតិបត្តិសមាគមនារីសាខាខេត្តកំពង់ចាម បានធ្វើរបាយការណ៍ឲ្យដឹងថា ខេត្តកំពង់ចាម បានរៀបចំបើកវគ្គបណ្តុះបណ្តាលជូនអ្នក សង្កេតការណ៍ សមាគមនារីខេត្ត តាមបណ្តាស្រុកចំនួន ០៣ រួចមកហើយ ដែលវគ្គបណ្តុះបណ្តាលនេះ រៀបចំដោយក្រុមគ្រូឧទ្ទេសរបស់គណបក្សខេត្ត ។ ដោយឡែក ស្រុកចំនួន ០៧ ទៀត ក៏កំពុងរៀបចំបណ្តុះបណ្តាលជាបន្តបន្ទាប់ដែរ ។ លោក​ជំទាវ បានបន្តថា រយៈកាលកន្លងមកនេះ ក្រៅពីការចូលរួមដំណើរការឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០២៣ សាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានខិតខំអនុវត្តសកម្មភាពរបស់ខ្លួន យ៉ាងសកម្ម ដល់មូលដ្ឋាន ដោយបានសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញ ព្រមទាំងទំនាក់ទំនងជាមួយសប្បុរសជន ម្ចាស់ជំនួយនានា ដើម្បីស្វែងរកការគាំទ ផ្នែកធនធាន ក្នុងគោលបំណង ចូលរួមលើកកម្ពស់ តួនាទីនារីនៅក្នុងសង្គម បង្កើនសមត្ថភាព ការជឿជាក់ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងសង្គម ប្រកបដោយសមភាព និងសមធម៌ ។ ក្នុងនោះដែរ បានចូលរួមលើកកម្ពស់សុខុមាលភាពរបស់នារី និងកុមារ ដោយផ្ដល់ការអប់រំ ឧបត្ថម្ភ គាំទ្រជាស្មារតី ចំណេះដឹង ជំនាញ សម្ភារៈ និងឥណទានសមស្របទៅតាមគ្រប់មធ្យោបាយ ព្រមទាំង បានធ្វើជាបណ្ដាញផ្ដល់ ទទួលផ្សព្វផ្សាយ និងបណ្តុះបណ្តាល ដើម្បី បម្រើផលប្រយោជន៍ នារី និងកុមារ ទទួលបានលទ្ធផល គួរជាទីមោទនៈ។ លោក​ជំទាវ ក៏បានលើកឡើងដែរថា លទ្ធផលដ៏ប្រសើរកន្លងមកនេះ សម្រេចបានដោយសារសមាគមនារីមានការសហការ សាមគ្គីគ្នា ខិតខំបំពេញការងារ ដោយមានការចង្អុលបង្ហាញ ផ្ដល់អនុសាសន៍ និងបានទទួលការ ឧបត្ថម្ភគាំទ្រ គ្រប់មធ្យោបាយ ពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។
       ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ តាន់ ផល្លី សមាជិកា គណអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សមាគមនារីកម្ពុជា ដើម្បី សន្តិភាព បានមានប្រសាស៍ថា ការបើកវគ្គបណ្តុះបណ្តាលថ្ងៃនេះ ទទួលបានចំណេះដឹងពីមូលដ្ឋានសមាគមនារីខេត្តកំពង់ចាម ដើម្បី អោយអ្នកសង្កេតការណ៍ពង្រឹងនិងពង្រីកសមត្ថភាព អោយយល់ច្បាស់ពីកាតព្វកិច្ចនិងតួនាទី ជាអ្នកសង្កេតការណ៍ អោយបានច្បាស់លាស់ហើយ និងគោរពក្រមសីលធម៌របស់ គ.ជ.ប ដែលបានណែនាំ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានផ្តាំផ្ញើទៅអ្នកសង្កេតការណ៍ទាំងអស់ អោយយកចិត្តទុកដាក់ និងយល់ច្បាស់ពីតួនាទីភារកិច្ច នៅថ្ងៃបោះឆ្នោតខាងមុខនេះ ផងដែរ ៕ ​