អភិបាលខេត្ត​កំពង់ចាម ជម្រុញ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​រៀបចំ​ធ្វើយ៉ាងណា ឲ្យ​គ្រូបង្រៀន​ទទួលបាន​ប្រាក់​ម៉ោង​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២​នេះ

នួន​ សត្យា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ជម្រុញ ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជួយ​រៀបចំ​ឯកសារ​ឲ្យ​បាន​រហ័ស ដើម្បី​ឲ្យ​គ្រូបង្រៀន​ទទួលបាន​ប្រាក់​ម៉ោង យ៉ាងយូរ​នៅ​ចុងខែ​កក្កដា ឆ្នាំ ២០២២ ខាងមុខនេះ ។

​ ឯកឧត្តម ​អភិបាលខេត្ត បានលើកឡើង​ដូច្នេះ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ខេត្តកំពង់ចាម ឆ្នាំ​សិក្សា​២០២០-២០២១ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០២១-២០២២ ។

​ ឯកឧត្តម អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ការផ្ទេរ​គ្រូបង្រៀន​ទៅគ្រប់​ទីកន្លែង ជាពិសេស​នៅ​តំបន់​ជនបទ​ដាច់ស្រយាល ដែលជា​គោលដៅ នៃ​ការអប់រំ​ក្នុង​កម្រិត​មួយ ដើម្បី​លើកកម្ពស់ នូវ​ធនធានមនុស្ស ។ ទន្ទឹមនឹងនេះ មន្ទីរអប់រំ​ចាំបាច់ ត្រូវ​ពិនិត្យ​ពី​លទ្ធភាព​ដែល​ត្រូវ​ដោះស្រាយ ជីវភាព​ដល់​គ្រូបង្រៀន​ផងដែរ​។

​ ឯកឧត្តម ​អភិបាលខេត្ត​បាន​បន្តថា មួយរយៈ​កន្លងមកនេះ មានមតិ​យោបល់​ពី​គ្រូបង្រៀន នៅ​ទីជនបទ​ដាច់ស្រយាល​បានស្នើ​សុំឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ បញ្ហា​ប្រាក់​តំបន់ និង​ប្រាក់​ម៉ោង ពិសេស​គឺ​គ្រូ​ជាប់កិច្ចសន្យា​តែម្តង ។ ជាមួយគ្នានេះ ដំណោះស្រាយ​ទាក់ទង​ប្រាក់​តំបន់ ត្រូវបាន​ដោះស្រាយ​ហើយ នៅឡើយ​ប្រាក់​ម៉ោង​មិនទាន់បាន​ដោះស្រាយ ។

​ ឯកឧត្តម អភិបាលខេត្ត​បាន​បញ្ជាក់ថា « ចំពោះ​ប្រាក់​ម៉ោង សម្រាប់​គ្រូបង្រៀន​ជាគោលការណ៍ អាច​បើក​បាន​នៅ ខែសីហា ឆ្នាំ​២០២២ ។ ប៉ុន្តែ​ដើម្បី​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន​របស់​យើង សូម​ឲ្យ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជួយ​ព​ន្លឿ​ន​ការងារ​ធ្វើយ៉ាងណា ឲ្យ​គ្រូបង្រៀន​ទទួលបាន​ប្រាក់​ម៉ោង នៅ​ចុង​ខៃ​កក្កដា ឆ្នាំ​២០២២ នេះ​ឲ្យ​ខាងតែបាន » ។​

​ក្នុងឱកាស​នោះដែ ដើម្បីឱ្យ​វិស័យ​អប់រំ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ឯកឧត្តម អ៊ុន ចាន់​ដា មាន​សំណូមពរ​មួយចំនួន ដូចខាងក្រោម​នេះ ៖

*​ទី​១ ៖ ត្រូវ​លើកកម្ពស់​ថែមទៀត​នូវ​គុណភាព​អប់រំ​នៅ​គ្រប់​ភូមិ​សិក្សា​ដោយ​យកចិត្តទុកដាក់​ជាពិសេស​ការអនុវត្ត​កម្មវិធី​សាលា​កុមារ​មេត្រី ដើម្បី​បណ្តុះបណ្តាល​យុវវ័យ​ជំនាន់​ក្រោយ​ប្រកបដោយ​សមត្ថភាព​រីក​ចម្រើន​លើ​គ្រប់ផ្នែក គឺ​ផ្នែក​ចំណេះដឹង ចំណេះធ្វើ ផ្នែក​ជំនាញ​បច្ចេកទេស ផ្នែក​គុណធម៌ ចរិយា​ធម៌ និង​សុខមាលភាព ដែលជា​ល័ក្ខខ័ណ្ឌ​ចាំបាច់​សម្រាប់​ជីវភាព​រស់នៅ​ពិតប្រាកដ​នៅក្នុង​សង្គមជាតិ​យើង​។​

*​ទី​២ ៖ ត្រូវ​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​បរិមាណ​អប់រំ ដោយ​យកចិត្តទុកដាក់​ក្នុងការ​ប្រមូល​កុមារ​ដល់​វ័យ​សិក្សា​ឱ្យចូល​រៀន ជាពិសេស​កុមារី កុមារ​ជួប​ការលំបាក និង​កុមារ​ជនជាតិភាគតិច និង​កុមារ​ពិការ​ឱ្យមាន​ឱកាស និង​មានសំណាង​ស្មើៗ​គ្នា បាន​ចូលរៀន​គ្រប់ៗ​គ្នា​នៅ​បឋមសិក្សា និង​មធ្យមសិក្សា ដើម្បី​ឆ្ពោះទៅរក​ការអនុវត្ត​កាតព្វកិច្ច​សិក្សា ០៩​ឆ្នាំ ការអប់រំ​មូលដ្ឋាន​ទាំងអស់គ្នា ពិសេស​នៅ​ម​ត្តេ​យ្យ​សិក្សា​ឱ្យបាន​ខ្ពស់​ជាងនេះទៀត​។​

*​ទី​៣ ៖ ត្រូវ​ពង្រីក​សាលា​កុមារ​មេត្រី ដែល​កំពុងមាន​ប្រជាប្រិយភាព​នៅលើ​ឆាក​អន្តរជាតិ​ឱ្យបាន​គ្រប់​ភូមិ​សិក្សា នៃ​សាលារៀន​ទូទាំង​ខេត្ត​។​

*​ទី​៤ ៖ បន្ត​ការលើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន ពង្រឹង​ការងារ​គ្រប់គ្រង ការពិនិត្យ​តាមដាន និង​វាយតម្លៃ​ផ្សារភ្ជាប់​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​បន្តវេន និង​ការពង្រាយ​គ្រូ​ទៅ​កន្លែង​ដែល​ខ្វះ​គ្រូ​ឱ្យបាន​សមស្រប​។​

*​ទី​៥ ៖ បន្ត​ថែទាំ​កែលម្អ ជួសជុល​អគារសិក្សា​មូលដ្ឋាន​សម្ភារ​បរិក្ខារ​ដែលមាន​ស្រាប់ និង​សាងសង់​ថ្មី​បន្ថែម ពិសេស​គឺ​ការរៀបចំ​បរិ​សា្ថ​ន​សាលារៀន ថ្នាក់រៀន ឱ្យទៅជា​ទីកន្លែង​មេត្រី សម្រាប់​សិស្សានុសិស្ស​។​

*​ទី​៦ ៖ ចំពោះ​ថវិកា​កម្មវិធី សូម​ប្រើប្រាស់​ថវិកា​នេះ​ឱ្យចំ​ទិស តម្លាភាព គណនេយ្យភាព និង​ចៀសវាង​ភាព​អសកម្ម​ផ្សេងៗ​។​

*​ទី​៧ ៖ ពង្រឹង និង​ពង្រីក​បន្ថែមទៀត ទំនាក់ទំនង​អន្តរជាតិ ដើម្បី​ប្រមូល​ធនធាន​ជួយ​អភិវឌ្ឍ​វិស័យ​អប់រំ​កាន់តែ មាន​ភាព​រីកចម្រើន​ឈានឡើង​មួយកម្រិត​ថែមទៀត​។​

*​ទី​៨ ៖ សូម​លោកនាយក លោកស្រី​នាយិកា មាតា បិតា អាណាព្យាបាល​ទាំងអស់ ត្រូវតែ​ខិតខំ​អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស និង​កូន​របស់ខ្លួន ឱ្យ​គោរព​វិន័យ​សាលា វិន័យ​គ្រួសារ និង​ច្បាប់​របស់​សង្គមជាតិ​យើង​ឱ្យបាន​ខ្ជាប់ខ្ជួន កុំឱ្យ​ដើរលេង​ផ្តេសផ្តាស​គេច​សាលា មិន​ចូល​ផ្ទះ និង​ទៅ​ប្រព្រឹត្ត​អំពើ​ពាលា​ជាដើម ។​ល​។ ៕​