
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការបន្ទាន់មួយ ដើម្បីបង្ក្រាបរាល់អាជីវកម្មបូមខ្សាច់ ដែលអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត ។ ការដាក់ចេញវិធានការបង្ក្រាបអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ខាងលើ ធ្វើឡើង នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហានេះ ជាមួយមន្ទីរអង្គភាពជំនាញ អភិបាលស្រុក និងមេឃុំចំនួន ៣៥ ឃុំ ដែលមានភូមិសាស្ត្រជាប់ដងទន្លេមេគង្គ ។ឯកឧត្ដមអភិបាលខេត្តបានឱ្យដឹងថា កន្លងមក ធ្លាប់មានព័ត៌មានទាក់ទងទៅនឹងការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែនិងថាមពលបានអនុញ្ញាតច្បាប់ឲ្យពួកគាត់ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបាន បងខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនីតីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ និងបានបង្កឱ្យមានការបាត់បង់នូវសួយសារជាច្រើន ធ្វើអោយរដ្ឋាភិបាលមានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ។


ទាក់ទងទៅនឹងហេតុផលខាងលើ ឯកឧត្ដមអភិបាលខេត្តបានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបងសាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ទៅតាមទីតាំង ដែលក្រសួងរ៉ែនិងថាមពលបានកំណត់ក្នុងច្បាប់អនុញ្ញាត នឹងឈានទៅលុបបំបាត់ឲ្យអស់នូវភាពអាណាធិបតេយ្យ ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម លោក លី ចាន់ធី បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាមមាន ក្រុមហ៊ុន សហគ្រាសចំនួន ២២ អាជ្ញាប័ណ្ណ ។ លោក លី ចាន់ធី ឲ្យដឹងទៀតថា កន្លងទៅបញ្ហាប្រឈម ពោលគឺ ម្ចាស់ក្រុមហ៊ុន សហគ្រាសបានបោះពងសម្គាល់ ដែនអាជ្ញាប័ណ្ណ រួចរាល់មុននឹងធ្វើអាជីវកម្ម ប៉ុន្តែមិនអាចថែរក្សាឱ្យនៅគង់វង្សបាន ដោយសារអ្នកនេសាទកាត់ចោលជាញឹកញាប់ ។ ម្យ៉ាងទៀត មន្ត្រីខ្វះមធ្យោបាយសម្រាប់ចុះបង្ក្រាប នៅពេលកើតមានបទល្មើស ៕
