ឯកឧត្ដម ឡូយ សុផាត ដឹកនាំ​ប្រតិភូ សិក្សា​ស្វែងយល់​អំពី​វិស័យ​កសិកម្ម ​នៅ​ក្រុមហ៊ុន ឡុង ស្រេង ស្ថិតនៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម

អត្ថបទ៖ ចិន សារ៉ាត

ឯកឧត្ដម ឡូយ សុផាត សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី ៣ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ប្រតិភូ សិក្សា​ស្វែងយល់​អំពី​វិស័យ​កសិកម្ម នៅ​ក្រុមហ៊ុន ឡុង ស្រេង International ស្ថិតនៅ​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​

រួម​ដំណើរ​ក្នុងឱកាស​នោះ​មាន​ឯកឧត្តម​លន់ លឹម​ថៃ លេខា​គណៈកម្មការ​ទី ៣​នៃ​រដ្ឋសភា លោកជំទាវ ខុង​ស៊ុន អេង លោកជំទាវ ស្រី​គឹម ឆ​យ លោកជំទាវ កុល ធា​រិ​ន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​និង​ឯកឧត្តម​កៅ​សុខ​អាន អភិបាលរង​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ពាក់​ព​ន្ធ័ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​លោក​ឧកញ៉ា ហេង ឡុង ប្រធាន​ក្រុមហ៊ុន ឡុង ស្រេង International បាន​ឲ្យ​ដឹងថា ដើម្បី រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​វិស័យ​កសិកម្ម នៅ​កម្ពុជា បច្ចុប្បន្ននេះ ក្រុមហ៊ុន​កំពុង​ធ្វើ​ការដាំដុះ​នូវ​ដំណាំ​ផ្សេងៗ ដែលជា​រួមមាន ៖ ១.​ចេកអំបូង​លឿង លើ​ផ្ទៃដី​ប្រមាណ​ជា ១.៨០០​ហ​.​ត ហើយ​បាន​នឹង​កំពុង​ពង្រីក​ការដាំដុះ ជា​បន្តបន្ទាប់​ទៀត ។ ២.​ខ្នុរ​ការ៉ុត លើ​ផ្ទៃដី​ប្រមាណ​ជា ១២៥​ហ​.​ត ។ ៣.​តា​ង៉ែត លើ​ផ្ទៃដី​ប្រមាណ​ជា ២៤០​ហ​.​ត ។ ៤.​ក្រូចថ្លុង លើ​ផ្ទៃដី​ប្រមាណ​ជា ១៨០​ហ​.​ត និង ៥.​ធុ​រេ​ន លើ​ផ្ទៃដី​ប្រមាណ​ជា ១៨០​ហ​.​ត ។ ក្រៅពី​ផ្ទៃដី​ដាំ​ដំណាំ​ទាំងនេះ គឺជា​ផ្ទៃដី សម្រាប់​ដំណាំ​កៅស៊ូ ។ លោក​ឧកញ៉ា ហេង ឡុង បាន​អោយដឹងទៀតថា ក្រុមហ៊ុន បាន​ប្រើប្រាស់​អ្នកជំនាញការ កម្មករ​ខ្មែរ និង​បរទេស ប្រមាណ​ជិត ១​ម៉ឺន​នាក់ ដើម្បី ថែទាំ​ដាំ​ណាំ ទាំងអស់នេះ ។ ក្រៅពីនោះ ដើម្បី សម្រួល​ដល់​ការដាំដុះ​ដាំ​ណាំ​ទាំងអស់នេះ ក្រុមហ៊ុន ក៏បាន​រៀបចំ​នូវ​ប្រព័ន្ធ​ស្រោចស្រព រួមជាមួយ​នឹង​ការរៀបចំ​នូវ​ថ្នាល​បណ្ដុះ​ពូជ ទីកន្លែង​ផលិត​ជី​បែប​ធម្មជាតិ និង​ឃ្លាំង​សម្រាប់​ស្តុក​កសិផល ដើម្បី ត្រៀម​យកទៅ​កាន់​ទីផ្សារ ។

នាឱកាស​នោះ ឯកឧត្ដម ឡូយ សុផាត សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ក៏បាន​ថ្លែង​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ លោក​ឧកញ៉ា ហេង ឡុង ម្ចាស់​ក្រុមហ៊ុន ឡុង ស្រេង International ដែល​បាន​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​វិស័យ​កសិកម្ម នៅ​កម្ពុជា ។

ឯកឧត្ដម​ប្រធាន​ប្រតិភូ មានប្រសាសន៍​បញ្ជាក់ថា ដោយ​ផ្អែក​តាម​ស្ថានភាព នាបច្ចុប្បន្ន ជាពិសេស ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​ពិភពលោក ក៏ដូចជា ប្រទេស​យើង ផងដែរ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ជម្រុញ​ប្រជាកសិករ​យើង ឲ្យ​ងាគ​មក​បង្កើន​ការដាំដុះ​ដំណាំ​កសិកម្ម​វិញ ។​ឯកឧត្ដម ក៏បាន​កោតសរសើរ ចំពោះ ការប្រើប្រាស់​នូវ​គំនិត​ច្នៃប្រឌិត​ខ្ពស់ របស់លោក​ឧកញ៉ា ហេង ឡុង ក្នុង​ការដាំដុះ​នូវ​ប្រភេទ​ដំណាំ​ទាំងនេះ​ឡើង ដែលជា​ការចូលរួមចំណែក ដើរ​ឲ្យ​ទាន់​សភាព​ការ​វិវឌ្ឍន៍ នៃ​ទីផ្សារ​សកលលោក ។ យ៉ាងណា​ម៉ិ​ញ ឆ្លងតាម​ការចុះ​សិក្សា​ជាក់ស្ដែង ទៅលើ​ប្រភេទ​ដំណាំ​ទាំងអស់នោះ ក្រៅ​អំពី​អត្ថប្រយោជន៍​សន្ធឹកសន្ធាប់ របស់​ក្រុមហ៊ុន​ខ្លួនឯង​ផ្ទាល់ ក្រុមហ៊ុន ឡុង ស្រង ក៏បាន​ជួយ​ផ្ដល់នូវ​ការងារ សម្រាប់​កម្មរ​នៅក្នុង​ស្រុក ប្រមាណ​ជិត ១​ម៉ឺន​នាក់ ។​

​ស្ថិត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​ប្រធាន​ប្រតិភូ ក៏បាន​លើកទឹកចិត្ត និង​ផ្ដល់​ការ​ជម្រុញ ទៅដល់​ក្រុមហ៊ុន ឡុង ស្រេង ឲ្យ​ធ្វើការ​អភិវឌ្ឍន៍​បន្ថែម​ទៀត ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវ កន្លែង​ស្នាក់នៅ​សម្រាប់​ភ្ញៀវ ដើម្បី ប្រែក្លាយ​តំបន់​នេះ ទៅជា​តំបន់​ក​សិ​ទេសចរណ៍ នាពេល​អនាគត ពីព្រោះថា ផ្អែក​តាម​ស្ថានភាព​បច្ចុប្បន្ន ក្រុមហ៊ុន​មាន​សក្ដានុពល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រួចជាស្រេច​ទៅហើយ ។​

សូមបញ្ជាក់ថា នាឱកាស​នោះ ឯកឧត្ដម​ប្រធាន​ប្រតិភូ រួមជាមួយ​សហការី ជា​គណៈប្រតិភូ​អមដំណើរ ក៏បាន​អញ្ជើញ ចុះទៅ​សិក្សា​ផ្ទាល់ នៃ​ដីចំការ​ដំណាំ​នីមួយៗ មាន​ដូច ៖ ចំការ​ខ្នុរ ចេក ធុ​រេ​ន ក្រូច និង​ចំការ​តា​ង៉ែ​ន រួមជាមួយ​នឹង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ជាពិសេស ការសិក្សា​ស្វែងយល់​លើ​បច្ចេកទេស នៃ​ការផលិត​ជី​តាមបែប​ធម្មជាតិ និង​ថ្នាល​បណ្ដុះ​ពូជ​ចេកអំបូង​លឿង ក៏ដូចជា សកម្មភាព នៃ​ការដាំដុះ របស់​បងប្អូន​កម្មក​រ នៅលើ​ផ្ទៃដី​ចំការ ដែល​ក្រុមហ៊ុន​កំពុងធ្វើការ​ពង្រីក​បន្ថែ​ម​ទៀត ផងដែរ។