អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក ស៊ីម ហ៊ាង មេឃកោះទន្ទឹម

ដោយ ៖ ភ័ណ្ឌ ប៉ាង

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសហការី រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក ស៊ីម ហ៊ាង មេឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលបានទទួលមរណភាព កាលពីថ្ងៃស្រុក ៨កើត ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ​ក្នុងជន្មាយុ៦៣ឆ្នាំ ដោយជរាពាធ។

សព លោក ស៊ីម ហ៊ាង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងគេហដ្ឋាន ស្ថិតភូមិកោះកុក (ខ) ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានចាត់ទុកមរណភាពរបស់ លោក ស៊ីម ហ៊ាង មេឃុំកោះទន្ទឹម គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបានថ្លែងថា «ក្នុងឱកាសប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ ភរិយាលោកមេឃុំ ​និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។ យើងខ្ញុំសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសព​ លោក ស៊ីម ហ៊ាង ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»៕