លោកជំទាវ ប៉ាង ដានី ដឹកនាំសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខគ្រួសារសពយុវតី ដែលរងគ្រោះករណីរំលោភសម្លាប់ នៅស្រុកចំការលើ

នៅថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២១នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកជំទាវ ស្រី គីមឆយ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានដឹកនាំសមាជិការួមជាមួយអាជ្ងាធរមូលដ្ឋាន អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាមកប្រគល់ជូនដល់ក្រុមគ្រួសារយុវតី ឌីម អេងជូ ដែលរងគ្រោះដោយសារករណីរំលោភសម្លាប់ (ករណីនេះ បានកើតឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចចំការពោត ស្ថិតនៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ)។

ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី ក៏ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ក្នុងក្តីអាណិតអាសូរ និងការសោកស្តាយក្រៃលែង ចំពោះការបាត់បង់កូនចៅជាទីស្រឡាញ់ ពីសំណាក់ឯកឧត្ដមអភិបាលខេត្ត និងលោកជំទាវ ប្រធានកិត្តិយសសាខា ដល់ក្រុមគ្រួសារសព។ ក្នុងនោះថវិការបស់សមាគម និងសប្បុរសជនដែលបានប្រគល់ជូន ដល់ក្រុមគ្រួសារសពសរុបចំនួន ៨០០.០០០រៀល។

សូមជម្រាបជូនថា ឯកឧត្តមឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃនេះថា ករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោតភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ឃាតករត្រូវចាប់ខ្លួនបានហើយ គឺគេធ្វើសកម្មភាពតែម្នាក់ឯងនោះទេ។