អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​ឱ្យ​គ្រប់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ រួមគ្នា​លុបបំបាត់​ឱ្យបាន​នូវ​អំពើ​ល្មើសច្បាប់ ដើម្បី​សុខ​សុវត្ថិភាព​

អត្ថបទដោយ៖ សម ផល្លា

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូ​មនុស្ស​ខេត្ត បាន​អំពាវនាវ​ឱ្យ​គ្រប់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​លុបបំបាត់​ឱ្យបាន​នូវ​អំពើ​ល្មើសច្បាប់ ដើម្បី​សុខ​សុវត្ថិភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ឯកឧត្តម​មានប្រសាសន៍​បែបនេះ នៅក្នុងពេល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង «​ទិវា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នា​ថ្ងៃទី​១២ ធ្នូ លើក​ទី​១៣» នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ នា​ព្រឹក​ថ្ងៃទី​២៣ ធ្នូ ឆ្នាំ​២០១៩​។

​ក្នុង​ពិធី​នោះ​ក៏មាន​វត្តមាន​ចូលរួម​ពី​លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន ប្រ​យុ​ទ្ទ​ប្រ​ឆាំ​អ​ពើ​ជូ​ញ​ដូរ​មនុស្ស​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ជា​ធរ​ស្រុក ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​សាលាស្រុក​ចំការលើ កង​កំ​លាំ​សមត្ថកិច្ច ព្រះ​ស​ង្ឍ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ​ជាង​មួយ​ពាន់​នាក់​។​

​លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្តកំពង់ចាម បានលើកឡើង​នៅក្នុង​ទិវា​ថា ទោះបីជា​ស្ថិតនៅក្នុង​កាលៈទេសៈ​លំបាក​បែបណា​ក្ដី ក៏​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅតែ​បន្ត​ខិតខំ​ពុំ​ពារ​គ្រប់​ឧបសគ្គ ដើម្បី​ធ្វើយ៉ាងណា រួមសហការ​គ្នា បង្ការ បង្ក្រាប ផ្ទ​ន្ទា​ទោស សង្គ្រោះ និង​ការពារ ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស នេះ​ក៏​អាស្រ័យ​ដោយ​ការខិតខំ និង​ជម្រុញ​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង ពី​សំណាក់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូ​មនុស្ស​ខេត្ត​។

​នាឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មានប្រសាសន៍ថា រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស មិន​ត្រឹមតែ​ជាការ​ជួញដូរ ឬ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវភេទ​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​បាតុភាព​មួយទៀត ដែលមាន​ទំនោរ​ទៅរក​អំពើ​ជួញដូរ​ស​រិ​រា​ង្គ និង​បទល្មើស​រត់ពន្ធ ឬ​ជួញដូរ​ទារក​ឆ្លងដែន ក្រោមរូបភាព​អំពើ​ជួល​ពពោះ​ជំនួស​។ នេះ​ជា​កង្វល់​ថ្មី​ទៀត​ដែល​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូ​មនុស្ស​បាន និង​កំពុងតែ​ដាក់​វិធានការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​បង្ក្រាប​ជា​បណ្ដើរៗ ឲ្យ​បាន​ទាន់ពេលវេលា និង​សិក្សា​អំពី​បរិបទ​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​ជៀសវាង​ការរីកដុះដាល​នៃ​បទល្មើស ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​កាន់តែ​ច្រើនឡើង ដល់​សង្គម និង​មនុស្ស​គ្រប់​វ័យ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​អំពាវនាវ​ដល់​បណ្ដាល​ខេត្ត​ពាក់ព័ន្ធ​ទាំងអស់ សូមមេត្តា​ចូលរួម​សហ​ការជួយជ្រោមជ្រែង សកម្មភាព​ប្រយុទ្ធប្រឆាំង​ជួញដូរ​មនុស្ស​នេះ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត និង​លើកទឹកចិត្ត​ដល់​គ្រប់​មន្ទីរ អង្គភាព សង្គម​ស៊ីវិល គ្រប់​និកាយ​សាសនា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ពង្រឹង​ការអនុវត្ត​សកម្មភាព តាម​យុទ្ធសាស្ត្រ​ដែល​មានចែង​ក្នុង​ផែនការ​ជាតិ ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ខ្លាំងក្លា​បន្ថែមទៀត​។​