​មន្ទីរ​អប់រំ​ខេត្តកំពង់ចាម​ព្រមាន​មិន​ឲ្យ​លក់​ចំណីអាហារ​ដែល​ក្រសួង​បាន​ហាមឃាត់​នៅក្នុង​សាលារៀន​

អត្ថបទដោយ៖ អឿន ស្រួ​

​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ចំពោះ​អ្នកលក់ដូរ​ក្នុង​សាលារៀន​គ្រប់​កម្រិត គឺ​មិន​ថា​អាជីវករ​ឬ​គ្រូ ដែល​លក់ដូរ​នំ​និង​ចំណីអាហារ​ដែល​ក្រសួង​អប់រំ​បាន​ហាមឃាត់ នឹងត្រូវ​បានធ្វើ​កិច្ចសន្យា​ជាមួយ​គណៈ​គ្រប់គ្រង​សាលា​ចំនួន​៣​លើក បើ​នៅតែ​បន្ត​លក់​មន្ទីរ​បញ្ឈប់​ការលក់ តែម្តង​។​

​លោក ជា សុខ​ចំរើន ប្រធានការិយាល័យ​បឋមសិក្សា​នៃ​មន្ទីរអប់រំ និង​កីឡា​ខេត្តកមពង់ចាម​បាន​បានអោយដឹងថា ក្រសួង​អប់រំ​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះមក​បណ្តុះបណ្តាល​គណៈ​គ្រប់គ្រង​សាលា​ទូទាំង​ខេត្តកំពង់ចាម​បាន​ចំនួន​៤​លើក​រួចមកហើយ ដើម្បី​បង្រៀន​ឲ្យ​បាន​យល់ដឹង​អំពី​ចំណាត់ថ្នាក់​ចំណីអាហារ​ដែល​ហាមឃាត់ ការគ្រប់គ្រង​ចំនីអាហារ​ដែលមាន​គុណ​ភាព និង​កាលបរិច្ឆេត​នៃ​ចំណីអាហា​រ​ជាដើម​។​

​លោក​បន្តថា​នៅ​ខេត្តកំពង់ចាម​មាន​សាលា​សរុប​ជាង​៥០០​កន្លែង ដែលមាន​ជាង​៩០​ភាគរយ​លក់​ចំណីអាហារ​ក្នុង​សាលារៀន​។ តាម​ការ​ការចុះ​ធ្វើ​អធិការកិច្ច​តាម​សាលារៀន​នីមួយៗ​គឺ​៨០​ភាគរយ​បាន​អនុវត្តតាម​សេចក្តីណែនាំ ប៉ុន្តែ​២០​ភាគរយ នៅតែ​បន្ត​លក់​ចំណីអាហារ​ដែល​ក្រសួង​បាន​ហាមឃាត់ ការដាក់​តាំង​លក់​មិនមាន​អនាម័យ​ជាដើម បើទោះបីជា​គណៈ​គ្រប់គ្រង​សាលា​ទាំង​នោះបាន​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ក៏ដោយ​។

​លោក ជា សុខ​ចំរើន​បាន​បញ្ជាក់ថា លោកនាយក ឬ​នាយិការ​សាលា​ដែល​ជួប​បញ្ហា​នេះ សូម​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ពួកគាត់​ឲ្យ​បានច្បាស់លាស់ ទោះបី​អ្នកលក់​ជា​គ្រូបង្រៀន​ក្នុង​សាលា​នោះ​ក៏ដោយ​បើ​នៅតែ​មិន​ស្តាប់​ត្រូវធ្វើ​ការដោះស្រាយ​នៅ​ការិយាល័យ បើ​មិនបាន​ផល​ត្រូវ​ស្នើ​ជា​លិខិតស្នាម​មក​មន្ទីរ​នោះ​មន្ទីរអប់រំ​នឹង​ចុះទៅ​ដោះស្រាយ​ផ្ទាល់ ហើយ​អាច​ប្រឈម​នឹង​ការហាម​លែង​ឲ្យ​លក់​បន្ត​តែម្តង​។​

​លោក​មាន​ប្រសា​ស​ន៍ថា ផលិតផល​ដែល​ក្រសួង​អប់រំ​បាន​ហាមឃាត់​មានដូចជា ចំណីអាហារ​ដែល​ហួស​កាលកំណត់ ចំណីអាហារ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម មាន​កាហ្វេ ការ៉េម ទឹក​ស៊ីរ៉ូប៍ ស្ករ​សូកូឡា ស្ករ​គ្រាប់ ស្ករ​កៅស៊ូ ចាហួយ នំ​ដូ​ណាត់ នំ​ផ្អែម រួមទាំង​គ្រឿង​ស្រវឹង និង​ថ្នាំជក់​ផងដែរ​នោះ ត្រូវបាន​ហាមឃាត់​លក់​ក្នុង​បរិវេណ​សាលារៀន​គ្រប់​កម្រិត​៕