អភិបាលខេត្ត​កំពង់ចាម បានអះអាង ថា ត្រូវ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ធនធាន ដែលយើងមានដើម្បី​បន្ត​ការអភិវឌ្ឍន៍ ឲ្យជីវភាពពលរដ្ឋ ប្រសើរ​ឡើង

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម បាន ថ្លែង ថា យើង​ត្រូវ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ធនធាន ដែល​បាន​ពី​ថ្នាក់ជាតិ​តាមរយៈ​ក្រសួង ឬ​ធនធាន​ពី​ដៃគូ​នានា ដើម្បី​បន្ត​ការអភិវឌ្ឍន៍​ជា​រៀងរាល់ឆ្នាំ ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ មាន​ភាពប្រសើរឡើង ឲ្យ​បាន​ទាន់ពេលវេលា​។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង​កិច្ចប្រជុំ ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) ដែល បាន ធ្វើ ឡើង នា​ព្រឹក ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅ មន្ទីរ ផែនការ ខេត្តកំពង់ចាម ។

​ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម បាន លេ​ី​ក ឡើង ថា លទ្ធផល​សិក្ខាសាលា សមាហរណកម្ម កម្មវិធី​វិនិយោគ ឃុំ សង្កាត់ ក្រុង ស្រុក ទទួលបាន​ការគាំទ្រ សរុប​ចំនួន ២ ៣៧៤​គម្រោង ស្មើនឹង​៤៨% នៃ​គម្រោង​ស្នើឡើង​ចំនួន ៤ ៩១៣ គម្រោង ក្នុងនោះ​មាន​មន្ទីរ អង្គភាព​គាំទ្រ​បាន​ចំនួន ២ ២២៤ គម្រោង និង​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​បាន​ចំនួន ១៥០​គម្រោង​។ ដោយឡែក គម្រោង​វិនិយោគ កំពុងដំណើរការ​រប​ស់​រដ្ឋបាលខេត្ត​មាន​ចំនួន ៣៩​គម្រោង ដែល​ត្រូវ​ចំណាយ​ថវិកា​ចំនួន ៣៥ ៥៤០ លាន​រៀល និង​គម្រោង​ដែលមាន​ថវិកា​គាំទ្រ​មាន​ចំនួន ៣៥៣ គម្រោង ដែល​ត្រូវ​ចំណាយ​ថវិកា​ចំនួន ១ ៥៦៧ ០៣៨ លាន​រៀល ដែល​ត្រូវអនុវត្ត​ក្នុង​ឆ្នាំ​២០២១​។​

​ឯកឧត្តម​អភិបាលខេត្ត បាន សង្កត់ ធ្ងន់​ថា គម្រោង​ទាំងអស់ នៅក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) គឺជា​ផែនការ​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​២០២១ សូម​លោក -​លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជំរុញ​ការអនុវត្ត​គម្រោង នីមួយៗ​ឲ្យ​ចប់​តាម​ការកំណត់ ដោយ​ធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​ជិតស្និទ្ធ​។ ជាមួយគ្នា នោះ ក្រុមការងារ​កសាង​ផែនការ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក រដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​ត្រៀមខ្លួន ចាប់ផ្តើម​ដំណើការ​ប្រមូល​តម្រូវកា​រ​អាទិភាព​របស់​មូល​ដ្ឋា​ន នៅ​ចុងខែ​មករា ដើម្បី​ដាក់​ក្នុង​ផែនការ យុទ្ធសាស្ត្រ​ថវិកា​ឲ្យ​បាន​ទាន់ពេលវេលា ស្របតាម​ប្រកាស​អន្តរក្រសួង​លេខ ០១៤៩ ផ​ក .​ប្រក ចុះ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ របស់​ក្រសួងផែនការ និង​ក្រសួងមហាផ្ទៃ ស្តីពី ការដាក់​ឲ្យ ប្រើប្រាស់​សេចក្តីណែនាំ​បំពេញបន្ថែម លើ​សេចក្តីណែនាំ​បច្ចេកទេស ស្តីពី​ការរៀបចំ និង​កសាង កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ៕​