អភិបាលខេត្ត​កំពង់ចាម និង​ក្រុមការងារ​ចុះ​ពិនិត្យ​ផ្លូវ​អ៊ុត​កៅស៊ូ​ប្រភេទ​AC ក្នុង​ក្រុង​ខណៈ ជិត​សម្រេច​លទ្ធផល​ហើយ

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា នៅ​រសៀល​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០២០ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ផ្លូវ​អ៊ុត​កៅស៊ូ​ប្រភេទ​AC មួយ​ខ្សែ លើ​កំណត់​ផ្លូវ​កម្ពុជា​ក្រោម ដែលមាន​ប្រវែង ៨៤០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ ចាប់ពី​រង្វង់​មូល​1-79 រហូតដល់​ផ្សា​របឹង​កុក សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដែល​គម្រោង​ខាងលើ ជិត​សម្រេច​លទ្ធផល ១០០% ហើយ ។​

​គួរ​បញ្ជាក់ដែរថា នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការ​រដ្ឋា​ន​ខាងលើ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ជួប​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​នេះ​ប្រកបដោយ​ភាព​ស្និត​ស្នាល ហើយ លោក ក៏បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​យោគយល់ អធ្យាស្រ័យ​ចំពោះ​ផលប៉ះពាល់​ដោយ​ប្រការ​ណាមួយ ខណៈ​គម្រោង​ខាងលើ កំពុង​អនុវត្ត​មិនទាន់​រួចរាល់​នៅឡើយ​នេះ​។​

​សូម​រំលឹកថា ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​ឡើងវិញ​មាន​ចំនួន​៣​ខ្សែ ជា​គម្រោង​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ឆ្នាំ​២០២០ ក្នុងនោះ ខ្សែ​ទី​១ (​ផ្លូវ​លេខ​៧ ចាស់​)​ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង​១០ ម៉ែត្រ ចាប់ពី​កែង​វ​រង្វង់​មូល​១-៧៩ ភូមិ​ទី​៦ សង្កាត់​វាលវង់ ដល់​ផ្លូវ​មុនី​វង្ស ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។ ខ្សែ​ទី​២ (​ផ្លូវ​លេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពី​ស្តុ​ប​លំហែរ​ផ្លូវជាតិ​លេខ​៧​ថ្មី ភូមិ​ទីបឹង​ស្នាយ​សង្កាត់​សំបួរមាស​ដល់​ផ្លូវ​លេខ​៧​ចាស់ ភូមិ​ទី​៦ សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​។ ខ្សែ​ទី​៣ (​ផ្លូវ​លេខ ៥៥) ប្រវែង​៧៧១ ម៉ែត្រ ទទឹង​៧,៥​ម៉ែត្រ ៨​ម៉ែត្រ ចាប់ពី​ផ្លូវភ្លោះ​ព្រះបាទ​មុនី​វង្ស ភូមិ​ទី​៤ សង្កាត់​វាលវង់ ទល់​ផ្លូវ​លេខ ៨៥ ភូមិ​ទី​៦​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។​