នួន សត្យា

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍លើកទី១៦ នៅស្រុកជើងព្រៃក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថាការគោរពច្បាប់ចរាចរណ៍ផ្លូវគោកគឺជាការគោរពស្រឡាញ់ជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងខេត្តកំពង់ចាមឆ្នាំ២០២១មានចំនួន១៤៦លើក,ថយចុះ២៩លើក,បណ្ដាលឲ្យស្លាប់ចំនួន៩៧នាក់,របួសធ្ងន់ចំនួន៩៥នាក់,របួសស្រាលចំនួន៧២នាក់,សរុបជនរងគ្រោះចំនួន២៦៩នាក់,ក្នុងនោះអ្នកមិនបានពាក់មួកសុវត្ថិភាពចំនួន១៣៤នាក់,អ្នកបើកបរចំនួន៩៣នាក់,អ្នករួមដំណើរចំនួន៤១នាក់។ជាមួយគ្នានេះបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមានដូចជាខូចរថយន្តចំនួន២៥គ្រឿង,ខូចម៉ូតូចំនួន៣៨គ្រឿង,យាន្តផ្សេងៗចំនួន៥គ្រឿង។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាមូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាលមកពីកត្តាកំណើនមធ្យោបាយយានយន្ត,ការនិយមប្រើប្រាស់មធ្យោបាយយាន្តជំនិះផ្ទាល់ខ្លួនច្រើនជាងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ,ការប្រើប្រាស់ទ្រូងផ្លូវចិញ្ចើមផ្លូវមិនទាន់បានត្រឹមត្រូវលក្ខណៈបច្ចេកទេសយានយន្តការរំលោភដីចំណីផ្លូវនិងកត្តាគួបផ្សំមួយចំនួនទៀតដែលបង្កជាបញ្ហាប្រឈមការកកស្ទះចរាចរណ៍និងកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃជាពិសេសតាមបណ្ដោយផ្លូវជាតិសំខាន់ៗឆ្លងកាត់បណ្ដាខេត្តនានាដែលបញ្ហានេះក្លាយជាក្តីព្រួយបារម្ភដ៏ធំរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មសព្វបែបយ៉ាងរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ប្រកបដោយស្មារតីឈ្លាសវៃទទួលខុសត្រូវនិងមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកការផ្សព្វផ្សាយអប់រំច្បាប់ការកសាងជួសជុលកែលំអស្ថានភាពផ្លូវថ្នល់ការសង្គ្រោះជនរងគ្រោះនិងកិច្ចការសំខាន់ៗ ជាច្រើនទៀតទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០ និង២០២១នេះពិសេស បានសង្គ្រោះជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
សម្ដេចក្រឡាហោម ស ខេង បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្កផលវិបាកជាច្រើនដល់សង្គមនិងប្រជាពលរដ្ឋនិងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែងហើយអាចនឹងមានកំណើនខ្ពស់ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវដូចជាការបញ្ជាយានយន្តដោយរំលោភបំពានច្បាប់ឬដោយធ្វេសប្រហែសមិនគោរពស្រឡាញ់ជីវិតខ្លួនឯងនិងអ្នកដទៃឬកង្វះវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព៕
