មន្ត្រី​ពេទ្យសត្វ​​ ចុះបាញ់ថ្នាំសម្លាប់មេរោគ​នៅតាមទីសត្តឃាតក្នុងក្រុងកំពង់ចាម

កំពង់ចាម​​៖ ដេីម្បីធ្វើការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្តាសាយបក្សី មន្រ្តីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានបន្តយុទ្ធនាការផ្សព្វផ្សាយជម្ងឺផ្តាសាយបក្សី និងវិធានការការពារ ដោយបាញ់ថ្នាំសម្លាញ់មេរោគផ្សេងៗនៅតាមទីសត្តឃាតក្នុងក្រុងកំពង់ចាម។

យោងតាមសេចក្តីណែនាំ​ របស់អគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ និងសេចក្តីណែនាំ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ស្តីពីការពង្រឹងការត្រួតពិនិត្យអនាម័យសត្វ​ និងផលិតសត្វ​ ក្នុងទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វ​ ជាពិសេសជំងឺផ្តាសាយបក្សី​ នៅរសៀល​ ​ថ្ងៃទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ លោក​ នង​ ម៉េងហ៊ាង​ ប្រធាន​ការិយាល័យផលិតកម្ម​ និងបសុព្យាបាលខេត្តកំពង់ចាម​ បានចាត់មន្ត្រីជំនាញឲ្យចុះបាញ់ថ្នាំសម្លាប់មេរោគបង្ការជំងឺឆ្លងលេីសត្វបក្សី​ នៅទីអត្តឃាតក្នុងក្រុងកំពង់ចាមចំនួន២ទីតាំងដោយមួយទីតាំងគឺកន្លែងអត្តឃាតសត្វមាន់​ ស្ថិតក្នុងភូមិរកាក្រោម​ សង្កាត់​សំបួរមាស​ និងមួយទីតាំងទៀតស្ថិតក្នុងភូមិទី៥​ សង្កាត់​វាលវង់​ ក្រុងកំពង់ចាម​។

លោក​ នង​ ម៉េងហ៊ាង​ ប្រធាន​ការិយាល័យផលិតកម្ម​ និងបសុព្យាបាលខេត្តកំពង់ចាម​ ក៍តែងតែអំពាវនាវ​តាមប្រព័ន្ធផ្សព្វផ្សាយ​ និងចុះដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ​ដែលចិញ្ចឹមសត្វទាំងអស់​ រួមកន្លែងសត្វត្តឃាត​ទាំងអស់​ ចេះតាមដានសុខភាពសត្វចិញ្ចឹម​ និងសម្អាតបរិស្ថានជុំវិញ​ ប៉ុន្តែ​ប្រសិនបេីមានការសង្ស័យ​ ឬសត្វបក្សីងាប់​ ត្រូវសហការនិងរាយការណ៍​មកមន្ត្រីពេទ្យភូមិភ្លាម​ៗ​ ដេីម្បីរួមគ្នាចាត់វិធានការការពារទប់ស្កាត់ជំងឺមួយនេះកុំឆ្លងរីករាលដាល​ទៀត។ គូសបញ្ជាក់ថា​ កន្លងមក​ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ មានតំបន់មួយចំនួ​នដែលធ្លាប់ផ្ទុះជម្ងឺផ្តាសាយបក្សី​ រួមមាន៖ក្នុងឃុំតាំងក្រាំង​ ស្រុកបាធាយ, ឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់​, ឃុំជយោ​ ស្រុកចំការលេី​ និងស្រុកព្រៃឈរជាដេីម៕