អត្ថបទ៖ លោក ហ៊ាង ថាច
គិតត្រឹមថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០នេះស្ថានភាពកំពស់ទឹកទន្លេមេគង្គក្នុង ខេត្តកំពង់ចាមស្ថិតនៅក្នុងស្ថានភាពទាប នៅបាតទន្លេនៅឡើយ បើយោងតាមរបាយ ការណ៍ពី លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបាន បញ្ជាក់នៅថ្ងៃនេះថា ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមមានកំពស់ត្រឹមតែ៤,០៦ម៉ែត្រប៉ុណ្ណោះ ហើយបើធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០១៩ទឹកមានកំពស់ប្រហាក់ប្រហែល គ្នាគឺកំពស់៣.៦៦ម៉ែត្រ។
គួរកត់សម្គាល់ថាស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមក៏ដូចបណ្តាខេត្តជាប់ដងទន្លេមេគង្គផ្សេងទៀតនៅក្នុងរយះពេល២ឆ្នាំចុងក្រោយនេះមានការឡើងយឺតជាឆ្នាំមុនៗជាក់ស្តែងកាលពីឆ្នាំ២០១៩ទឹកទន្លេមេគង្គឡើងនៅក្នុងកំឡុងខែកញ្ញា ខុសពីរាល់ឆ្នាំទឹកទន្លេឡើងនៅក្នុងកំឡុងដើមខែមិថុនាជាដើម។ប៉ុន្តែយ៉ាងណាក៏ដោយកាលពីឆ្នាំ២០១៩ ទឹកទន្លេឡើងយឺតនៅចុងឆ្នាំក៏ពិតមែនប៉ុន្តែទឹកទន្លេបានឡើងធំ និងបានហូរចូលព្រែក បឹងបួរ ស្ទឹង អូរ និបាននាំដីល្បាប់មកជាមួយផងដែរ។
ដោយឡែកទន្ទឹមនឹងទឹកទន្លមេគង្គស្ថិតនៅក្នុងស្ថានភាពក្នុងកម្រិតទាបនេះ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គស្ថិតនៅក្នុងខេត្តកំពង់ចាម មានការព្រួយ បារម្មណ៍ចំពោះស្ថានភាពកំពស់ទឹកទន្លេដោយបានលើកឡើថា ប្រសិនបើទឹកឡើងធំ គឺអាចមានទឹក ប្រើប្រាស់ធ្វើស្រែចំការ និងមានដីល្បាប់ ផ្ទុយទៅវិញបើទឹកទន្លេឡើង តូចគឺប្រឈមមុខ និងខ្វះខាតទឹកប្រើប្រាស់ និងមានការរំខានពីសត្វចង្រៃក្នុងការបង្ករ បង្កើនផលផលដែរ។