ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ នៅវិទ្យាល័យល្វា ក្នុងស្រុកព្រៃឈរ

នួន សត្យា

(កំពង់ចាម)៖ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាមួយខ្នង ពីរជាន់ មាន១០បន្ទប់ នៅវិទ្យាល័យល្វា ស្ថិតនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បើតាមអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ សាលានេះ បានចាប់ផ្ដើមរៀបចំឡើងវិញដោយមានតែ ១អគារ ៣បន្ទប់ ធ្វើអំពីឈើប្រក់ក្បឿង លុះដល់ឆ្នាំ១៩៩៥ អង្គការរ៉េដបាណា ផ្តល់អគារសិក្សា១ខ្នង ៦បន្ទប់ ធ្វើពីឈើប្រក់ក្បឿង គ្មានកម្រាល ហើយនៅក្នុងឆ្នាំ១៩៩៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា ២ខ្នង ១០បន្ទប់ សាងសង់ពីថ្ម ប្រក់ក្បឿង។ នៅក្នុងឆ្នាំសិក្សាឆ្នាំ២០០៤-០៥ សាលានេះ បានបង្កើតជាអនុវិទ្យាល័យល្វា ដោយបានប្រើប្រាស់អគារសិក្សា១ខ្នង ៦បន្ទប់ មាន ១០ថ្នាក់។ ដោយសារកំណើនសិស្សានុសិស្ស ក្នុងឆ្នាំសិក្សា ២០០៥-២០០៦ លោកនាយកអនុវិទ្យាល័យ បានបែងចែកវេនសិក្សាជា ៣វេន។ សាលានេះ បានទទួលការជួយឧបត្ថម្ភគាំទ្រ ពីដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ក្នុងការជួយកសាងសង់អាគារសិក្សាជាបន្តបន្ទាប់ជាក់ស្ដែងអគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ កសាងនៅឆ្នាំ២០២០ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ដើម្បីជំរុញការចូលរៀនរបស់កុមារនៅមូលដ្ឋានឱ្យបានច្រើន ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងពិធីនេះ ដើម្បីធ្វើជាសាក្សី ដែលយើងទទួលបានសមិទ្ធផលថ្មីមួយទៀត នៅក្រោមម្លប់សន្តិភាព ។

ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ផងដែរថា ម្លប់នៃសន្តិភាព គឺបានផ្ដល់ឱកាស ឱ្យយើងគ្រប់បែបយ៉ាង ក្នុងការកសាងសមិទ្ធផលនានា ។ រីឯប្រជាពលរដ្ឋវិញក៏មានឱកាសដើម្បីបង្ករបង្កើនផល និងការធ្វើអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅឲ្យប្រសើរឡើង។