លឹម ប៉ៃលិន
កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់កុំព្យូទ័រយួរដៃ និង ថវិកា មួយ ចំនួន ដល់សិស្ស ប្រលង ជាប់ និទ្ទេសA ចំនួន ៣២នាក់ នៅ ក្រុងកំពង់ចាម ដេីម្បីលើកទឹកចិត្ត ដល់ ក្មួយៗសិស្សានុសិស្ស ដែល បាន ខិតខំ រៀនសូត្រ រហូតទទួលបាននិទ្ទេសល្អ ទោះ ស្ថិត ក្នុង បរិបទ កូវីដ -១៩ ដែល ពិធី នេះ ត្រូវ បាន ធ្វើ ឡើង នាព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នៅ សាលា ខេត្តកំពង់ចាម ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា នេះ ជាការទឹកចិត្ត របស់ឯកឧត្ដមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ក្មួយៗ ក្នុងរយៈពេល ១២ឆ្នាំ កន្លងមក ទោះ ស្ថិត ក្នុង បរិបទ កូវីដ -១៩ ហេីយ ត្រូវ រៀន តាម ប្រព័ន្ធ អនឡាញ យ៉ាង ណាក្ដី ។ ទាំងអស់នេះ គឺជាកិត្តិយស សម្រាប់ខ្លួនឯង ក៏ដូចជា មាតា បិតា ឬអាណាព្យាបាល ក៏ដូចជា នាយកសាលាផ្ទាល់ ជាពិសេស កិត្តិយស សម្រាប់ខេត្តកំពង់ចាម របស់យើងផងដែរ ។
ឯកឧត្ដមអភិបាលខេត្ត លើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ការបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បី ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលង ប្រជែង នៅកម្រិតឧត្ដមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ ។ លើសពីនេះទៅទៀតនោះ នៅពេលក្មួយៗ បានបន្តនៅកម្រិតឧត្ដមសិក្សាហើយ ក្មួយៗត្រូវខិតខំព្យាយាមរៀនសូត្រ ឲ្យបានពូកែ ធ្វើយ៉ាងណា ឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹង មកបម្រេីជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចំរើន ដល់ក្រុមគ្រួសារ ទន្ទឹមនោះ នៅពេលដែលក្មួយៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកខេត្តកំពង់ចាមវិញ ដើម្បីរួមគ្នាកសាងអភិវឌ្ឍ ខេត្តរបស់យើង ឲ្យកាន់តែមានការ រីកចម្រើន តទៅមុខទៀត ។
បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បាន ឲ្យដឹងថា លទ្ធផល ប្រលង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ សម័យ ប្រលង ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នៅទូទាំងខេត្តកំពង់ចាម មាន បេក្ខជន មក ប្រលង ចំនួន ៦.៧៧៤នាក់ បេក្ខជន ប្រលង ជាប់ ចំនួន ៤.៣៣៣នាក់ ស្មើនឹង ៦៣,២៦% ក្នុង នោះ សិស្សប្រឡង ជាប់និទ្ទេស A មានចំនួន ១១៨នាក់ ខណៈ បេក្ខជន ប្រលង ជាប់ និទ្ទេស A នៅ ទូទាំង ប្រទេស មាន ចំនួន ១.៧៥៣នាក់ ។
គួរ បញ្ជាក់ ថា រង្វាន់ លើកទឹកចិត្ត ដែល ឯកឧត្ដមអភិបាលខេត្ត ផ្តល់ ជូនសិស្សប្រឡងជាប់ និទ្ទេស A ទាំង ៣២នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ (latop) ១ គ្រឿង , ថវិកា ចំនួន ៤០ម៉ឺនរៀល , សៀវភៅ ២០ក្បាល, ប៊ិច និងខ្មៅដៃ ចំនួន ១០ដើម ផងដែរ ៕