សាខាសមាគម​នារី​កម្ពុ​ជា ដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ ​ជួប​ការលំបាក​ក្នុង​ជីវភាព ០៤​គ្រួសារ នៅ​ស្រុក​បាធាយ​

ដោយ៖ ចិន សារ៉ាត

​សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ដឹកនាំ​ដោយ លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស សាខា​សា​មា​គម​នារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត រួម​ដំណើរ​ដោយ លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​សាខា សមាគមនារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម និង​សហការី ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​សួរសុខទុក្ខ និង​នាំយក ជា​សម្ភារៈ និង​ថវិកា ចែកជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្នុង​ជីវភាព ចំនួន ០៤​គ្រួសារ នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ។​

​បន្ទាប់ពី ការ​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោកជំទាវ​កិត្តិ​សឹ​ង្ក​ហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់​រដ្ឋសភា ទំនង​ព្រឹទ្ធសភា អធិការកិច្ច និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​នារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ និង​ប្រសាសន៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស បងប្អូន​ដែលមាន​ជីវភាព​ជួប​ការលំបាក ទាំង ០៤​គ្រួសារ នោះ លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា មានប្រសាសន៍ថា ក្រោយពី​ទទួលដំណឹង​ថា អាជ្ញាធរ ករណី​គ្រួសារ​បងប្អូន​មាន​ជីវភាព​ខ្វះខាត ថ្ងៃនេះ លោកជំទាវ រួមជាមួយ​លោកជំទាវ ជា​អភិបាលរង​ខេត្តកំពង់ចាម ក៏ដូចជា សាខាសមាគម និង​អាជ្ញាធរ​មូលដ្ឋាន បានរួម​ចំណែក​នូវ​ធ​ន​ធាន និង​សម្ភារៈ​ផ្ទាល់ខ្លួន មក​ចែកជូន​បងប្អូន ដល់​លំនៅដ្ឋាន ដើម្បី ចូលរួមចំណែក​ជួយ​ដោះស្រាយ ការលំបាក​បាន​មួយគ្រា និង​ទាន់ពេលវេលា ផងដែរ ។

​ស្ថិត​ក្នុងឱកាស​នោះដែរ ក្នុងនាម​ឯ​ឧត្ដម​អភិបាលខេត្ត​កំពង់ចាម លោកជំទាវ ប៉ាង ដា​នី បាន​ផ្ដាំផ្ញើ ចំពោះ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រឹងប្រែង​ដោយ​ខ្លួនឯង តាមរយៈ ការប្រកប​របរ​អាជីវ​កម្ម​ផ្សេងៗ ដើម្បី ស្ដារ​ជីវភាព​គ្រួសារ នាពេល​អនាគត ។ ជាមួយ​នោះ ក៏​សូម​ឲ្យ​បងប្អូន ចូលរួម​ថែរក្សា​សុខភាព និង​អនាម័យ​បរិស្ថាន តាមរយៈ ការរស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ។​

​នាឱកាស​នោះ លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា និង​លោកជំទាវ អភិបាលរង​ខេត្ត ក៏បាន​នាំនូវ​អំណោយ​ជា​សម្ភារៈ និង​ថវិកា ចែកជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ជួប​ការលំបាក ចំនួន ០៤​គ្រួសារ ដែល​គ្រួសារ ទី​១.​ជា​កុមារី ឈ្មោះ គាត គឹម​ឆេង អាយុ ១០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ក្រី​ជើង ឃុំ​ព្រែក​ក្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ។ ទី​២.​ឈ្មោះ រ៉ា​ន់ ឆ​វិ​ន ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​ផ្ទៃពោះ ៧​ខែ រស់នៅ​ភូមិ​វាល ឃុំ​សំបូរ​ស្រុក​បាធាយ ។ និង​ទី​៣.​ប្តី​ឈ្មោះ ទុំ ផល ប្រពន្ធ ឈ្មោះ អៀម ជា មាន​ជីវភាព​ខ្វះខាត រស់នៅ​ភូមិ​វាល ឃុំ​សំបូរ ស្រុក​បាធាយ ។ ទាំង ៣​គ្រួសារ នេះ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល និង​សម្ភារៈ ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួន ផងដែរ ។ ដោយឡែក លោកយាយ ស៊ុន ជា អាយុ ៧២​ឆ្នាំ ជា​ចាស់ជរា រស់នៅ​ភូមិ​វាល ឃុំ​សំបូរ ស្រុក​បាធាយ ទទួលបាន​ថវិកា ៤៥​ម៉ឺន​រៀល ផងដែរ ៕