នួន សត្យា

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ លោក យី វណ្ណៈ អភិបាល ស្រុកកោះសូទិន បានដឹកនាំ មន្ត្រីក្រោឱវាទ អមដំណើរដោយសមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រែកតានង់ នាំអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកោះសូទិន ចែកជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ចំនួន ៤៤គ្រួសារ នៅក្នុងឃុំព្រែកតានង់ ។
នាឱកាសនោះ លោក យី វណ្ណៈ អភិបាល ស្រុកកោះសូទិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្ដម ខៀវ កាញារីទ្ធ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់អនុវត្តឲ្យបានល្អប្រសើរ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស នាអំឡុងពេលធ្វើចត្តាឡីស័ក ក្នុងរយៈពេល ១៤ថ្ងៃនេះ ។ ក្រៅពីនោះ សូមបងប្អូនចូលរួមអនុវត្ត ទៅតាមវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់ផ្ដាច់ខ្សែចម្លងវីរុស ដ៏កាចសាហាវនេះ នៅក្នុងសហគមន៍កម្ពុជាយើងទាំងមូល ផងដែរ ។
សូមបញ្ជាក់ថា របស់ឯកឧត្តម ខៀវ កាញារីទ្ធ ដែលនាំទៅចែកជូនប្រជាពលរដ្ឋទាំង ៤៤គ្រួសារ នោះ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ និងអង្ករប្រភេទអាហារបំប៉នសុខភាព ១កេស ៕