អត្ថបទ៖ នួន សត្យា

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមទិវាជាតិអាហារូបត្ថម្ភលើកទី៧ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧប យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ឋ តំណាងស្ថានទូតសហព័ន្ឋអាឡឺម៉ង់ប្រចាំប្រទេសកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បណ្តាញអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា ងភ្ញៀវជាតិ អន្តរជាតិ សរុបចំនួន ៥៧០នាក់ ។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៦ វិច្ឆិកា ជាទិវាជាតិអាហារូបត្ថម្ភ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនផលិតភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

ឯកឧត្តមអភិបាលខេត្តបានបន្តថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយ ដែលទាមទារឲ្យមានយន្តការសម្របសម្រួល សមស្រប ការវិនិយោគ និងកិច្ចសហការពីគ្រប់ភាគី និងប្រទាក់ក្រទ្បាគ្នារវាងវិស័យពាក់ព័ន្ធនានា និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៏ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ដើម្បីដោះស្រាយភាពស្មុគស្មាញ នៃឫសគល់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។
ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា រដ្ធបាលខេត្តកំពង់ចាម បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដៃគូអភិវឌ្ឍន៏ និងសង្គមស៊ីវិល ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ពិសេសអនុសាសន៍ទី៥ ដែលលើកឡើងថា៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត និងរៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ក៏ដូចជាអនុសាសន៍ទី៦ ដែលបានបញ្ចាក់ថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបញ្ជ្រាបការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ ដើម្បីលើកកម្ពស់វិស័យសន្តិសុខ ស្បៀងនិងអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តបញ្ចប់ភាពអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ក្នុងប្រទេសនៅឆ្នាំ២០៣០ ដែលស្របតាមក្នុងគោលដៅទី២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពឆ្នាំ២០៣០ បានបញ្ចាក់ច្បាស់ថាបញ្ចប់ភាពអត់ឃ្លាននៅក្នុងពិភពលោក និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងធានាថា ប្រជាជនគ្រប់រូបពិសេសកុមារមានអាហារូបត្ថម្ភល្អ និងមានលទ្ធភាពទទួលបានស្បៀងគ្រប់គ្រាន់រាល់ឆ្នាំ។
ដើម្បីសម្រេចបាននូវគោលដៅទី២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពលោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង និងពង្រីកយុទ្ធនាការអប់រំ ផ្សព្វផ្សាយទិវាជាតិអាហារូបត្ថម្ភ ដើម្បីលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋឱ្យចូលរួម ផលិតគ្រប់ដំណាំជាលក្ខណៈគ្រួសារ ឬជាសហគមន៍ ដូចជាសួនបន្លែតាមគ្រួសារ តាមសាលារៀន ឬតាមវត្តអារាមនានា ដើម្បីបង្កើនទាំងបរិមាណគុណភាពសុវត្ថិភាព និងធានាឱ្យមានស្បៀងអាហារចម្រុះជាច្រើនមុខ និងជំរុញលើកកម្ពស់ការចិញ្ចឹមសត្វឱ្យកាន់តែទូលំទូលាយ និងមាននិរន្តភាព ដើម្បីធានាការផ្គត់ផ្គង់សាច់សត្វ និងធានាសុវត្ថិភាពចំណីអាហារ ត្រូវបង្កើនការការពារ និងអភិវឌ្ឍធនធានជលផល និងជំរុញអភិវឌ្ឍវារីវប្បកម្ម ដើម្បីធានាឲ្យបាននូវនិរន្តភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលជលផលសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ ត្រូវជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ បរិភោគអាហារធម្មជាតិចម្រុះមុខ និងសំបូរទៅដោយសារធាតុចិញ្ចឹមដែលមាននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងជីវិតប្រសើរថ្លៃថ្លា។


