កិច្ចប្រជុំ​ជាមួយ​សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ក្នុងទិសដៅ​អនុវត្ត​បន្ត តាម​តម្រូវការ និង​ផែនការ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ អមដោយ ឯកឧត្តមអភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត និង​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋបាល​ខេត្តកំពង់ចាម និង​សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Zoom) ក្នុង​គោលបំណង​ស្ដាប់​របាយការណ៍​របស់​សមាគម និង​កិ​ច្ខ​សម្របសម្រួល​ទិសដៅ​អនុវត្ត​បន្ត តាម​តម្រូវការ និង​ផែនការ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ។

​គួរ​រំលឹក​ផងដែរ​ថា សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​បំពេញបេសកកម្ម​ការងា​រ ផ្ដើមចេញពី​ការគាំទ្រ​របស់​ថ្នាក់ដឹកនាំ​សមាគម ជា​បន្តបន្ទាប់ ដោយ​បានធ្វើ​សកម្មភាព​ជួយ​ដល់​ខេត្តកំពង់ចាម ចាប់តាំងពី​ឆ្នាំ ២០០៩ រហូតដល់​ឆ្នាំ​២០២០ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៣ លាន​ដុល្លារ សហរដ្ឋអាមេរិក​រួច​មកហើយ ក្នុងនោះ​ផ្តោតទៅលើ​លើ​វិស័យ​មួយចំនួន​ដូចជា ៖

​វិស័យ​អប់រំ ដោយ​ធ្វើការ​ជួសជុល​អាគារ​វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម​, វិស័យ​ទឹកស្អាត អណ្ដូងទឹក បង្គន់​អនាម័យ និង​កន្លែង​លាងដៃ​នៅតាម​សាលារៀន និង​សហគមន៍​នានា​ទូទាំង​ខេត្តកំពង់ចាម , វិស័យ​មនុស្សធម៌ តាមរយៈ​ការចែក​ស្បៀងអាហារ , ជួសជុល​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កង់មាស ក្នុងនោះ​វិស័យ​សុខាភិបាល មានការ​កែលម្អ បណ្ដុះបណ្ដាល និង​បំពាក់​សម្ភារៈ​បរិក្ខា​ពេទ្យ​ផងដែរ​។​

​សម្រាប់​ទិសដៅ​សម្រាប់​ឆ្នាំ​២០២១​នេះ សមាគម​បាន​បន្ត​ជួយ​លើ​វិស័យ​សុខាភិបាល​ទូទាំង​ខេត្តកំពង់ចាម ដោយបាន​ពង្រីក​វិសាលភាព​ជំនួយ​រហូត​ទូទាំង ១០​ក្រុង​/​ស្រុក ផងដែរ ៕​