ឯកឧត្តម ខ្លូត ចិន្តា ចុះសំណេះសំណាលជាមួយអាជ្ញាធរឃុំបាធាយ និងនាំអំណោយអភិបាលខេត្ត ចែកជូនកម្មការិនីដែលទើបនឹងឆ្លងទន្លេ និងមានជីវភាពខ្វះខាតចំនួន០៤គ្រួសារ នៅស្រុកបាធាយ

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តតំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយអាជ្ញាធរឃុំបាធាយ និងនាំអំណោយអភិបាលខេត្តចែកជូនកម្មការិនីដែលទើបនឹងឆ្លងទន្លេនិងមានជីវភាពខ្វះខាតចំនួន ០៤គ្រួសារនៅក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តបានថ្លែងអំណរគុណដល់អាជ្ញាធរឃុំបាធាយ និងអ្នកពាក់ព័ន្ធទាំង០៦ភូមិ ដែលបានខិតខំប្រឹងប្រែងចុះស្រង់ទិន្នន័យចំនួនកម្មករកម្មការិនី ដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិ-ឃុំជូនក្រុមការងារថ្នាក់ខេត្តទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក។ ជាមួយនោះឯកឧត្ដម និងក្រុមការងារក៏បាននាំអំណោយវត្ថុកំដរដៃជាក្រមា និងសារ៉ុងជូនដល់ពូកគាត់ម្នាក់ៗចំនួន ០១ផងដែរ។

ជាមួយនឹងបេសកកម្មនេះដែរ ឯកឧត្តមអភិបាលរងខេត្ត និងក្រុមការងារក៏បាននាំយកនូវអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចែកជូនកម្មការិនីដែលទើបនឹងឆ្លងទន្លេនិងមានជីវភាពជួបការលំបាកចំនួន ៤គ្រួសារ នៅភូមិបាធាយ និងភូមិស្វាយពកឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាមដោយ០១គ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខកំប៉ុង ១យួរផងដែរ។ ជាមួយនោះក៏បានជូនថវិកាដល់ប្អូនស្រីជាមន្ត្រីនៃមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តដែលទើបនឹងសម្រាលបុត្រហើយថ្មីៗចំនួន២០០.០០០រៀលដែលក្នុងនោះថវិកាផ្ទាល់ខ្លួនចំនួន១០០.០០០រៀលនិងថវិការបស់លោកចេងហ៊ាងប្រធានមន្ទីរការងារចំនួន១០០.០០០រៀល៕