ឯកឧត្តម ខ្លូត ចិន្តា អញ្ជើញក្នុងកិច្ចប្រជុំ គណៈបញ្ជាការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំគណៈបញ្ជាការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពី កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី អភិបាលរង តំណាងអភិបាលក្រុង-ស្រុក និងលោក លោកស្រី តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។
លោក ឈីម ចាន់ធឿន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម បានឱ្យដឹងថា៖ កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ដ្រនីតិកាលទី៧ នឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នៅថ្ងៃបោះឆ្នោត ការិយាល័យបោះឆ្នោតនីមួយៗ ត្រូវបើកដំណើរការនៅវេលាម៉ោង ៧,00នាទីព្រឹក និងបញ្ចប់នៅម៉ោង ៣,00នាទីរសៀល បន្ទាប់ពីបានបិទការិយាល័យបោះឆ្នោតការិយាល័យបោះឆ្នោតត្រូវក្លាយទៅជាការិយាល័យរាប់សន្លឹកឆ្នោត ហើយមន្ដ្រីបោះឆ្នោតតាមការិយាល័យនីមួយៗ ជាអ្នកទទួលខុសត្រូវក្នុងការរាប់សន្លឹកឆ្នោត ក្នុងការិយាល័យរបស់ខ្លួន។ លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានគូសបញ្ជាក់ថា ផ្អែកតាមប្រតិទិនការងារ របស់ គ.ជ.ប លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នឹងត្រូវរៀបប្រកាសផ្សាយជា ៣ដំណាក់កាល លទ្ធផលបឋមនៃការបោះឆ្នោត ក្នុងគោលបំណងបង្ហាញពី តម្លាភាព សុចរិតភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ទៅលើលទ្ធផលនៃការបោះឆ្នោត បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោតជូន ដល់សាធារណៈជន និងភាគីពាក់ព័ន្ធ គ.ជ.ប នឹងរៀបចំចាត់ចែងប្រកាសផ្សាយព័ត៌មាន អំពីលទ្ធផលនៃការបោះឆ្នោតដែលប្រមូលបានពីការិយាល័យរាប់សន្លឹកឆ្នោតទូទាំងប្រទេស ។ ការប្រកាសផ្សាយនេះ ត្រូវធ្វើនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់យ៉ាងយូរពេលថ្ងៃត្រង់នៅថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៣ តាមរយៈ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រ របស់គ.ជ.ប និងApp NEC KH។
នាឱកាសនោះដែរ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញការងាររបស់ខ្លួនយ៉ាងមមាញឹក ក្នុងដំណើរការបោះឆ្នោតជ្រើសជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដ៏មានសារៈសំខាន់បំផុត ចំពោះ ខេត្តកំពង់ចាម ក៏ដូចនៅក្នុងប្រទេសកម្ពុជា ទាំងមូល។          


ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ ផងដែរថា ការចែកបណ្ណព័ត៌មាន ជូនអាជ្ញាធរភូមិ ឃុំ-សង្កាត់ ដើម្បី ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានរយៈពេល ៣០ថ្ងៃ ។ ដូច្នេះ ដើម្បី ឲ្យការងារនេះ មានគុណភាព និងប្រសិទ្ធភាព ត្រូវ÷ ១-អភិបាល ក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយ និងជម្រុញ ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន ភូមិ ក្នុងការផ្តល់បញ្ជីព័ត៌មាន ជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត  ។ ២-ត្រូវឲ្យមេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ផ្តល់របាយការណ៍ប្រចាំថ្ងៃ នៃលទ្ធផលផ្តល់បណ្ណព័ត៌មានជូនអ្នកបោះឆ្នោត ។ និង៣-អង្គការមិនមែនរដ្ឋាភិបាល សមាគម និងគណបក្សនយោបាយ ជួយផ្សព្វផ្សាយនិងឃ្លាំមើល សកម្មភាពនៃការផ្តល់បណ្ណព័ត៌មាន ។ ក្រៅពីនោះ
ទាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ចាម និងទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកនីមួយៗ ក៏សូមគាំទ្រ និងឯកភាព នូវការស្នើសុំ កម្លាំងតាមការស្នើសុំ របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ទៅលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់កិច្ចដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ឲ្យបានល្អប្រសើរ ផងដែរ ៕