មន្ត្រីខណ្ឌដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ ០៣ករណី ក្នុងភូមិសាស្ត្រស្រុក​បាធាយ

​លី​ ស៊ីយ៉ា

លោក អ៊ុក ណារិន នាយខណ្ឌជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការ ជាមួយអាជ្ញាធរស្រុក​បាធាយ អធិការដ្ឋាននរគបាលស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​​បាធាយ ចុះប្រតិបត្តិការ​​បង្ក្រាបបទល្មើសជលផល ចំនួន ០៣ករណី នៅចំណុចផ្សេងៗគ្នា ស្ថិតនៅក្នុងស្រុក​​បាធាយ ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។


​​លោក​បានបន្តថា ដោយមានការអនុញ្ញាតពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ច​យើងបានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ចំពោះមុខសញ្ញាបទល្មើស ដែលប្រើប្រាស់ឧបករណ៍លូស្បៃមុង​ និងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនីតិវិធី នៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាង បទល្មើសជលផលនៅនឹងកន្លែងរួមមាន៖

នៅចំណុចស្ពានដែក ឃុំបាធាយ ស្រុកបាធាយ រឹបអូសបានលូស្បៃមុងចំនួន០៦មាត់ របាំងស្បៃមុងចំនួន៣០០ម៉ែត្រ ស៊ងស្បៃមុងប្រវែង៦០ម៉ែត្រ បង្គោលចម្រឹងចំនួន១៨០ដើម ចាក់លែងកូនត្រីចម្រុះ​ ០៦គីឡូក្រាម ។

​​នៅចំណុចភូមិទួល ឃុំបាធាយ ​រឹបអូសបាន​លូស្បៃមុងចំនួន០៤មាត់ របាំងស្បៃមុងចំនួន២០០ម៉ែត្រ ស៊ងស្បៃមុង ប្រវែង៤០ម៉ែត្រ បង្គោលចម្រឹងចំនួន១៨០ដើម ចាក់លែងកូនត្រីចម្រុះ​ ០៤គីឡូក្រាម។

​​នៅចំណុចភូមិជ្រែក ឃុំបាធាយ ​រឹបអូសបានឧបករណ៍រ៉ាវចំនួន០៦មាត់ របាំរ៉ាវប្រវែង៤០០ម៉ែត្រ ស៊ងរ៉ាវប្រវែង៦០ម៉ែត្រ បង្គោលចម្រឹងចំនួន១៨០ដើម ចាក់លែងត្រីចម្រុះ​ ០៦គីឡូក្រាម។