អត្ថបទ៖ លឹម ប៉ៃលិន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និង ជនបទ មានប្រសាសន៏ថា រាជរដ្ឋាភិបាល កម្ពុជា បានគិតគូយ៉ាងច្បាស់លាស់ពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ ដែលជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៏មូលធនមនុស្សសម្រាប់អភិវឌ្ឍន៏ប្រទេសជាតិ និងសង្គមរបស់យើង។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភលើកទី៧ ក្រោមប្រធានបទ ”ការពង្រឹងប្រព័ន្ឋស្បៀង ដើម្បីរបបអាហារសុខភាព” នៅសាលប្រជុំសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០ ។

មាន ប្រសាសន៍ ក្នុង ពិធី នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍន៏ អង្គការសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងពង្រីកយុទ្ឋនាការអប់រំផ្សព្វផ្សាយទិវាជាតិអាហារូបត្ថម្ភ ដើម្បីឲ្យប្រជាពលរដ្ឋឲ្យចូលរួម ផលិតគ្រប់មុខដំណាំជាលក្ខណៈគ្រួសារ និងសហគមន៏ សាលារៀន វត្តអារាម ។ ជម្រុញការចិញ្ចឹមសត្វឲ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព ។ បង្កើនការការពារ និងអភិរក្សធនធានជលផល ព្រមទាំង ជម្រុញការអភិវឌ្ឍវារីវប្បកម្ម និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបរិភោគអាហារធម្មជាតិចម្រុះ ដែលសម្បូរសារធាតុចិញ្ចឹម ដើម្បីទទួលបានអាហារូបត្ថម្ភល្អ និងមានសុខភាពល្អផងដែរ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៏ថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញនូវទំនើបកម្មកសិកម្ម ក្នុងនោះក្រសួងកសិកម្មត្រូវប្រឹងប្រែងក្នុងការពង្រឹងសន្តិសុខស្បៀង ដោយបានដាក់ចេញនូវយុទ្ឋសាស្ត្រនានា ដើម្បីបង្កើនការផលិតស្បៀង ដែល ក្នុងឆ្នាំ២០១៩ កន្លងទៅនេះកម្ពុជា ផលិតស្រូវបានជាង១០លានតោន និងសល់ស្រូវប្រមាណ៥លានតោន សម្រាប់ការនាំចេញ។ ជាមួយនោះ ក្រសួងកសិកម្មក៏បានជម្រុញការផលិតបន្លែសុវត្ថិភាព និង ការចិញ្ចឹមសត្វផងដែរ។

ជាមួយ គ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានឲ្យដឹងថា សម្រាប់កម្មករ-កម្មការិនី ទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្មការិនីដែលសម្រាលកូន មានចំនួន៤.៣៦១នាក់ ដោយក្នុងនោះបានទទួលថវិកាគោលនយោបាយ ចំនួន៤.២៤៨នាក់ និងកំពុងរៀបចំឯកសារទទួល បន្ថែម ទៀត បើគិតចាប់ពីពេលដំណើរការអនុវត្តគោលនយោបាយគាំពាសង្គ មក្នុងឆ្នាំ២០១៨ មកទល់ពេលនេះ មានកម្មការិនីសម្រាលកូន សរុប ចំនួន១៥.៩៦៦នាក់ ៕