អាជ្ញាធរខេត្តកំពង់ចាម ធ្វើការហ៊ុព័ទ្ធកំណត់ដីបឹងចារ បន្ទាប់ពីមន្ត្រីជំនាញចុះស្រាវជ្រាវ រកឃើញមានការឈូសឆាយប៉ះពាល់ដីបឹងខុសច្បាប់

នួន សត្យា

(កំពង់ចាម) ៖ មន្ត្រីជំនាញជលផល និងអាជ្ញាធរស្រុកស្រីសន្ធរ បានធ្វើការហ៊ុព័ទ្ធកំណត់ដីបឹងរបស់រដ្ឋ បន្ទាប់ពី អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្រីសន្ធរ ចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ ចំពោះជនល្មើស ដែលប្រព្រឹត្តឈូសឆាយប៉ះពាល់លើដីបឹង និងដីរបស់រដ្ឋ ស្ថិតនៅចំណុចបឹងចារ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាពេលកន្លងទៅថ្មីៗនេះ ។

បើតាមអភិបាលរងស្រុកស្រីសន្ធរ លោក ប៊េត វ៉េងឃីម បានឱ្យដឹង នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ នេះថា ករណី ការឈូសឆាយដីបឹងចារ បន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរស្រុកស្រីសន្ធរបានបង្កើតគណៈកម្មការ ដឹកនាំដោយ លោក វៃ គឹមសែ អភិបាលរងស្រុកស្រីសន្ធរ សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះចាត់វិធានការ ហ៊ុព័ទ្ធដីចំណុចកើតហេតុ ទុកជាសម្បត្តិរបស់រដ្ឋ បន្ទាប់ពី ពិនិត្យឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋពិតមែន ។ លោក បានបញ្ជាក់ផងដែរថា ករណីខាងលើនេះ អាជ្ញាធរស្រុក មិនបានចាប់ឃាត់ខ្លួនជនណាម្នាក់នោះទេ ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម លោក អ៊ុក ណារិន បានឲ្យដឹងដែរថា ក្នុងការចុះស្រាវជ្រាវនៅចំណុចកើតហេតុខាងលើ លោកបានពិនិត្យឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋប្រមាណជាជិត ១ហិចតា ដែលជាដែននេសាទរបស់រដ្ឋ ។

លោក អ៊ុក ណារិន បានបន្តថា ដីនៅចំណុចក្បែរកន្លែងកើតហេតុ កន្លងមកក៏មានប្រជាពលរដ្ឋអាស្រ័យផលផងដែរ ។ ប៉ុន្តែចំណុចឈូសឆាយ គឺគេបានយកគ្រឿងចក្រទៅឈូសបកដី ប្រមូលព្រៃលិចទឹកទាំងនោះ យកដាក់លើដីស្រែទុក្ខសម្រាប់ធ្វើជី ។

លោក អ៊ុក ណារិន បានបញ្ជាក់ថា ប្រការដែលបុគ្គលបានយកគ្រឿងចក្រ ទៅឈូសឆាយដីព្រៃលិចទឹក ដោយគ្មានការអនុញ្ញាត ចំពោះផ្លូវច្បាប់ ចំណុចទី១ អាចពិន័យអន្តរការ នូវមាត្រា៩៦ ចំណុច៤ ជាប្រាក់ពី ៥ លានរៀល ទៅ ១០ លានរៀល និងចំណុចទី២ នូវ មាត្រា១០១ ចំណុច១ អាចមានទោសទណ្ឌពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥ លានរៀល និងរឹបអូសវត្ថុតាងទុកជាសម្បត្តិរដ្ឋ ។ លោកបានបញ្ជាក់ផងដែរថា ក្នុងការចុះស្រាវជ្រាវ ជាច្រើនលើកនៅចំណុចកើតហេតុ សមត្ថកិច្ចមិនបានជួបគ្រឿងចក្រកំពុងធ្វើសកម្មភាពនោះទេ គឺឃើញត្រឹមតែស្លាកស្នាម នៃការឈូសឆាយប៉ុណ្ណោះ។

ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ជុំវិញករណីឈូសឆាយប៉ះពាល់ដីបឹង នៅស្រុកស្រីសន្ធរ បន្ទាប់ពីអាជ្ញាធរខេត្ត បានទទួលព័ត៌មានភ្លាមៗ តាមរយៈប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម គឺរដ្ឋបាលខេត្តបានចាត់ការភ្លាមៗផងដែរ ដោយចាត់តាំងមន្ត្រីជំនាញខាងជលផល សហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យជាក់ស្ដែងលើករណីនេះឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋពិតមែន ។ ប៉ុន្តែភ្លាមៗនោះ ក្រុមការងារមិនអាចកំណត់មុខសញ្ញាបាន ដោយសារវាពុំមែនបទល្មើសជាក់ស្ដែង ពោលគឺឃើញត្រឹមតែស្នាមឈូសឆាយ មិនបានឃើញគ្រឿងចក្រនៅទីនោះ ។

យ៉ាងណាក៏ដោយ បន្ទាប់មកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញា នឹងបានណែនាំមន្ត្រីជំនាញជលផល កសាងសំណុំឯកសារ ដើម្បីផ្ដន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់ ៕