សភាពាណិជ្ជកម្ម​កម្ពុជា សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម គាំទ្រ​ដោយ​សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​-​ក្រុង រៀបចំ​សិក្ខាសាលា​បញ្ជ្រាប ចំណេះដឹង​ផ្លូវច្បាប់​ដល់​ពាណិជ្ជករ តាម​បណ្តា​ខេត្ត​ចំនួន ១៧

​សភាពាណិជ្ជកម្ម​កម្ពុជា សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ក្រសួងពាណិជ្ជកម្ម រៀបចំ​សិក្ខាសាលា​ស្ដីពី «​ការយល់ដឹង​ពី​ការធ្វើ​អាជីវកម្ម របស់​ពាណិជ្ជករ​កម្ពុជា ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ផ្នែក​ផ្លូវច្បាប់​» ក្នុងការ ផ្សព្វផ្សាយ​ច្បាប់​បញ្ញត្តិ​ថ្មីៗ ជូន​សមាជិក សមាជិកា​សភាពាណិជ្ជកម្ម ពាណិជ្ជករ និង​អាជីវករ នៅតាម​ខេត្ត ដែលមាន​ការិយាល័យ​ស​ភា​ពាណិជ្ជកម្ម បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី អោយ​អាជីវកម្ម​ដំណើរការ​ប្រកបដោយ​ចីរភាព ក៏ដូចជា​រួមចំណែក​កាត់បន្ថយ​កំហុសឆ្គង​ក្នុងការ​ធ្វើ​អាជីវកម្ម ផងដែរ ។ សិក្ខាសាលា​នេះ បានរៀបចំ​នៅ​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០២២
​ក្រោម​អធិបតីភាព ឯកឧត្តម បួន សារៈ​មុនី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហេង​វណ្ណ​នី អភិបាលរង​ខេត្តកំពង់ចាម និង​ឯកឧត្តម ចក្រ ម៉េង​ហ៊ាង អភិបាលរង ខេត្តមណ្ឌលគិរី ។

​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា គោលបំណង នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បីឱ្យ​សមាជិក សមាជិកា របស់​សភាពាណិជ្ជកម្ម​ខេត្ត​នីមួយៗ ដែលជា​ម្ចាស់​អាជីវ​កម្មបាន​យល់ដឹង​ឱ្យបាន​ទូលំទូលាយ ក្នុងការ​យកទៅអនុវត្ត​ក្នុង​អាជីវកម្ម​របស់ខ្លួន ដើម្បី អភិវឌ្ឍន៍​អាជីវកម្ម​ឱ្យមាន​ភាព​រីកចម្រើន និង​ជៀសវាង​មាន​ហានិភ័យ​ក្នុង បទ​ប្បញ្ញត្តិ​ច្បាប់​ផ្សេងៗ​។ ទន្ទឹមនឹង​នោះដែរ មន្ត្រី​ជំនាញ ដែល​អញ្ជើញ​មកពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) និង​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម នឹង​ផ្តល់​ចំណេះដឹង​លម្អិត​បន្ថែមទៀត អំ​ពីបទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង ច្បាប់​ស្តីពី​វិនិយោគ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់ ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ច្បាប់ ស្តីពី​ការប្រកួតប្រជែង និង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា ។ មន្ត្រី​ដដែល បាន​បញ្ជាក់ដែរថា សិក្ខាសាលា​ស្ដីពី «​ការយល់ដឹង​ពី​ការធ្វើ​អាជីវកម្ម របស់​ពាណិជ្ជករ​កម្ពុជា ដើម្បី កាត់បន្ថយ​បញ្ហា​ប្រឈម​ផ្នែក​ផ្លូវច្បាប់​» បានចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ខែមេសា ដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២២ នៅតាម​បណ្តា​ខេត្ត​១៧ ដោយ​ទទួល​បានការ​ឩ​ប​ត្ថ​ម្ភ​ពី ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត FWD Cambodia ,​ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក​. ,​ធនាគារ ព្រី​នស៍ ម​.​ក​,​សហគ្រិន​ខ្មែរ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម​.​ក ,​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ធនាគារ​កាណាឌីយ៉ា ។​

​ឯកឧត្តម បួន សារៈ​មុនី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា បន្ទាប់ពី ច្បាប់​ស្ដីពី វិនិយោគ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១​មក នៅមាន​សមាជិក សមាជិកា ពាណិជ្ជករ នៅតាម​បណ្ដា​ខេត្ត​ភាគច្រើន មិនទាន់បាន​យល់ដឹង​នៅឡើយ ។ ដូច្នេះហើយ ទើប​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា​គ្រោង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ថ្មី​នេះ ជូន​សមាជិក សមាជិកា​សភាពាណិជ្ជកម្ម ពាណិជ្ជករ និង​អាជីវករ​នៅតាម​ខេត្ត​ដែលមាន​ការិយាល័យ​សភា​ពាណិជ្ជកម្ម​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​ថែមទៀត​ដើម្បី​គៀងគរ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​ទៅ​វិនិយោគ​ផ្ទាល់​ដល់​ខេត្ត ៕​