រដ្ឋបាល ខេត្ត កំពង់ចាម បើកកិច្ចប្រជុំ ផ្សព្វផ្សាយ​សៀវភៅ​ផែនការត្រៀម​បម្រុង​ឆ្លើយតប​គ្រោះអាសន្ន​ផ្សេងៗ

អត្ថបទ៖ លឹម ប៉ៃលិន

នៅ​ព្រឹក ថ្ងៃ ចន្ទ ៧ កើ​ត ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ កំពង់ចាម ថ្ងៃ ទី ២៧ កក្កដា ឆ្នាំ ២០២០ រដ្ឋបាល ខេត្ត កំពង់ចាម បាន ​ក​កិច្ច ប្រជុំ ផ្សព្វផ្សាយ សៀវភៅ ផែនការ ត្រៀម បម្រុង ឆ្លេ​ី​យ តប គ្រោះ ទឹក ជំនន់ និង គ្រោះ រាំងស្ងួត ខេត្ត កំពង់ចាម ក្រោម អធិបតី ភាព ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ជា ប្រធាន គណៈកម្មាធិការ គ្រប់ គ្រង គ្រោះ មហន្តរាយ ខេត្ត ដោយមាន​ការ អញ្ជើញ ចូលរួម ពី អភិបាល រង ខេត្ត ថ្នាក់ ដឹក នាំ មន្ទីរ​អង្គភាព ពាក់ព័ន្ធ ជុំវិញ​ខេត្ត និង អាជ្ញាធរ ក្រុង -​ស្រុក ទាំង ១០​ផងដែរ ។

​ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត និង ជា​ប្រធាន គណៈកម្មាធិការ គ្រប់គ្រង គ្រោះ មហន្តរាយ ខេត្ត បាន លេ​ី​ក ឡើង ថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​ត្រៀម​រៀបចំ​ទុកជាមុន ដោយ ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ​សរុប សម្រាប់​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​។ ជាមួយគ្នា នោះ មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ដែលជា​សមាជិក​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ត្រូវ​ត្រៀមលក្ខណៈ​គ្រប់បែបយ៉ាង​ទៅតាម​ជំនាញ​នីមួយៗ ក្នុងការ​ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ សម្រាប់​ជួយ​អន្តរាគមន៍​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ ហើយ ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ហេតុការណ៍​ចៃដន្យ​ណាមួយ​ដែល បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​អាយុជីវិត​ពិសេស​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កុមារ ជនពិការ និង​ចាស់ជរា​។

​ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន ថ្លែង ថា សៀវភៅ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​នឹង​គ្រោះអាសន្ន ជា​ឯកសារ​ជំនួយ ដល់​ដំណើរការ ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិ​ការឆ្លើយតប​គ្រោះមហន្តរាយ​ឲ្យ​មាន​ប្រសិទ្ធភាព ទាន់ពេលវេលា ផែនការ​ត្រៀម​បម្រុង​នេះ​ក៏​ជា​ផែនទី​បង្ហាញ​ផ្លួ​វ​សម្រាប់ ការសម្រេចចិត្ត​និង​ជា​មូលដ្ឋាន​ក្នុង ការ បង្កើត នូវ​ផែន ការឆ្លើយតប​សង្គ្រោះបន្ទាន់ នៅពេលដែល គ្រោះទឹកជំនន់ ឬ​គ្រោះរាំងស្ងួត​កើតឡើង​។ វា​ក៏​នឹង ក្លាយជា​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​បន្ទាន់ គឺ​ដើម្បី​ធានាថា​អ្នក ដែល​ងាយ​រងគ្រោះ​បំផុត​ទទួល បាន ការការពារ គាំទ្រ​ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ជំនួយ​សង្គ្រោះ​ដើម្បី​បំពេញបាន​នូវ​រាល់​ការ កង្វះខាត ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ប្រកបដោយ​និរន្តរភាព ជៀស​ផុតពី​ផលប៉ះពាល់​នាពេល អនាគត ពិសេស​ការកសាង​បាន​នូវ​ភាព​ធន់​របស់​សហគម​ន៍​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការ​ជះ​ឥទ្ធិ​ផល​ជា​សាកល​។

​ឯកឧត្តម អភិបាល ខេត្ត បាន ថ្លែង បន្ត ទៀត ថា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់​កន្ត្រាក់ រន្ទះបាញ់ ជំងឺឆ្លង​រាតត្បាត ការបាក់​ស្រុត ច្រាំងទន្លេ​ជាដើម​។ មុខសញ្ញា​គ្រោះថ្នាក់​ទាំងនេះ​បានកើត​ឡើងជា​ញឹកញាប់ និង​មាន​វិសាលភាព ដែល​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស សត្វ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ប៉ះពាល់​ដល់ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និង​សង្គម​។ ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​នៃ គ្រោះមហន្តរាយ គឺ ចាំបាច់​ត្រូវមាន ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​គ្រោះអាសន្ន​ជាមុន និង​ត្រូវធ្វើ បច្ចុប្បន្នភាព​ឲ្យ​បាន ស្របតាម​ស្ថានភាព​ជាក់ស្តែង និង​បទពិសោធន៍​ដែល​ធ្លាប់​ទទួលរង​ផលប៉ះពាល់ ដោយ​ឆ្លុះ​បញ្ចាំ​ពី ផលវិបាក​ដ៏​អាក្រក់​ដែល​កើតមាន​ចំពោះ​ប្រជាពលរដ្ឋ សហគមន៍ ជាពិសេស​ក្រុម​ជន​ងាយ​រងគ្រោះ រួមមាន​៖ កុមារ ជនពិការ ចាស់ជរា ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ ។

ក្នុង ពិធី នេះ ក៏ មាន ការ ធ្វើ​បទ​បង្ហាញ​ស្តីពី​ការត្រៀម​បម្រុង​ឆ្លើយតប​គ្រោះទឹកជំនន់ និង​គ្រោះ​រាំ​ស្ងួត​ខេត្ត និង ការអាន លិខិត លេខ ១៣៤ ស ជ ណ របស់ អគ្គនាយក ដ្ឋា​ន អត្ត​សញ្ញា​កម្ម ក្រសួង មហាផ្ទៃ ស្តី ពី ការ ចាត់ បញ្ជូន ក្រុម ការងារ ចល័ត ផ្តល់ អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ចំណុះ អធិការ ដ្ឋា​ន នគរបាល ក្រុង ស្រុក ខណ្ឌ ទៅ ប្រចាំ ការ ផ្តល់ សេវា នៅ ការិយាល័យ ច្រក ចេញ ចូល តែ មួយ រដ្ឋ បាល ក្រុង ស្រុក ខណ្ឌ ដោយ អនុវត្តន៍ តាម យន្ត ការ ដែល មាន ស្រាប់ ផងដែរ ។​