ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ នាំយកទៀនវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តគិរីវនារាម (ហៅវត្តស្ទឹងត្រង់)

ដោយ៖ លី ស៊ីយ៉ា



(កំពង់ចាម) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញដឹកនាំសមាជិក សមាជិកា នាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តគិរីវនារាម (ហៅវត្តស្ទឹងត្រង់) ដែលស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកនូវទៀនវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃ ដើម្បី ចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃគង់ក្នុងវត្ត ទុកជាប្រទីបបំភ្លឺ សម្រាប់រៀនសូត្រធម៌ វិន័យផ្សេងៗ នារដូវកាលចូលកាន់ព្រះវស្សាអស់កាលត្រីមាស ដែលក្នុងនោះរួមមាន៖ ទៀនវស្សា ១គូ ,ស្លាដក ១០ ,អង្ករ ៥០០គីឡូក្រាម , ទឹកបរិសុទ្ធ ២០កេស ,មី ២០កេស, ភេសជ្ជៈ ១០កេស, បច្ច័យកសាង ជូនព្រះចៅអធិការវត្ត ៤០ម៉ឺនរៀល, មុង ជូនយាយជី អាចារ្យ និងពុទ្ធបរិស័ទ ៤០មុង, ព្រះសង្ឃ ៣០អង្គ ១អង្គ ៤ម៉ឺនរៀល ,បច្ច័យជូនលោកអាចារ្យ និងយាយជី ១០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល, ពុទ្ធបរិស័ទ ៣៥នាក់ ក្នុងម្នាក់ ១ម៉ឺនរៀល , និងកម្លាំងប្រជាការពារ ៨នាក់ ក្នុងម្នាក់ ៣ម៉ឺនរៀនផងដែរ ។




ឆ្លៀតក្នុងឪកាសនោះដែរក្នុងនាមព្រះចៅអធិការ វត្តគិរីវនារាម (ហៅវត្តស្ទឹងត្រង់) ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហួត ហាក់ និងសហការី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធទាំងអស់ សូមសមប្រកបតែសេចក្ដីសុខចម្រើន និងជួបប្រទះនូវពុទ្ធពរទាំង បួនប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

គួរកត់សម្គាល់ដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយមានសារៈសំខាន់ នៅក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ ។ អ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំយកជាសាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃ តាមលទ្ធភាព ។ តាមទំនៀម បុណ្យចូលព្រះវស្សា តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ៕