អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ ក្នុង​ខេត្តកំពង់ចាម​

ចិន សារ៉ាត

​បន្ទាប់ពី​មានការ​ឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង និង​ជម្ងឺ​កូ​វីដ ១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ ក្នុង​ខេត្តកំពង់ចាម ដើម្បី រក​ដំណោះស្រាយ និង​គ្រប់គ្រង​ស្ថានការណ៍​នោះ ឲ្យ​ប្រសើរ​ឡើងវិញ ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម ពី​ឯកឧត្ដម ជា​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។
​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដោយ​ផ្អែក​ទៅនឹង​ស្ថានភាព​ជាក់ស្ដែង នៃ​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​ខេត្តកំពង់ចាម នា​ប៉ុន្មាន​ថ្ងៃនេះ យើង​អាច​វាយតម្លៃ​លើ​ការណ៍​ទាំងស្រុង​ដោយ​ផ្ដោតលើ​កត្តា ៥ ចំណុច គឺ ៖ ១.​ដោយសារ​ប្រជាពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​រួចហើយ មានការ​ធ្វេសប្រហែស មិនបាន​អនុវត្ត​វិធានការ ជាពិសេស វិធាន​សុខា​ភិ​បា «៣​ការពារ ៣​កុំ​» ។ ២.​ការ​បណ្ដែតបណ្ដោយ និង​ការគ្រប់គ្រង​អ្នក​ជម្ងឺ​ដែល​អនុញ្ញាត​ឲ្យ​នៅ​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ច្បាស់លាស់ ជាពិសេស នៅពេល​គាត់​ឆ្លង​រួចហើយ តែ​សុខភាព​ធម្មតា ហើយ​អាច​ចម្លង​ទៅ​អ្នកដទៃ​បាន ។ ៣.​ការអនុញ្ញាត ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ តែ​សាមីខ្លួន មិន​គោរព​តាម​វិធាន​សុខាភិបាល ។ ៤.​ទាក់ទង​ជាមួយ​អារម្មណ៍​របស់​មនុស្ស នៅពេល​បុណ្យទាន​ម្ដងៗ ភ្លេច​គិតគូរ​អំពី​សុខភាព តាមរយៈ ធ្វើដំណើរ​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដើម្បី ជួបជុំ​មិត្ត​ភ័​ក្រ ហើយ​ហូបចុក ជាដើម ។ និង​៥.​ភាព​ធ្វេសប្រហែស របស់​មន្ត្រី ឬ​អាជ្ញាធរ​មូលដ្ឋាន មិនបាន​ត្រួតពិនិត្យ ឬ​ចុះ​អន្តរាគមន៍ ឲ្យ​ជាប្រចាំ ។

​ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា ផ្អែក​តាម​ស្ថានភាព នៃ​ការវិវឌ្ឍ នៃ​ជម្ងឺ​កូ​វីដ ១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម នា​ប៉ុន្មាន​ថ្ងៃនេះ ស្នើ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ទាំងអស់ ពង្រឹង​គោល​គោលជំហរ នៃ​ការអនុវត្ត​ភារកិច្ច​ឡោ​ង​វិញ ដោយ ៖ ទី​១.​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ អប់រំ ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ ជាពិសេស នៅតាម​ទីប្រជុំជន ឬ​តាម​ទីផ្សារ​នានា ជាពិសេស ការអនុវត្ត​លើ​វិធានការ​សុខាភិបាល «៣​កុំ ៣​ការពារ​» ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី ប្រជាពលរដ្ឋ​មានការ​ភ្ញាក់រលឹក​ឡើងវិញ ។ ទី​២.​ពង្រឹង​ទៅលើ​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ជាពិសេស ការដាក់​ខ្សែ បូករួម​នឹង​ការសរសេរ​បម្រាម​ការ​ពាត ឲ្យ​បាន​ត្រឹមត្រូវ ។ ជាមួយ​នោះ ត្រូវ​ចុះ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ ដើម្បី ធ្វើ​ច​ត្តា​ឡី​ស័ក ។ ទី​៣.​មន្ទីរ​សុខាភិបាល​ត្រូវខិតខំ ធ្វើយ៉ាងណា ឲ្យ​យន្តការ នៃ​ការព្យាបាល​ជម្ងឺ​នៅតាម​ផ្ទះ ជាពិសេស ត្រូវមាន​ក្រុមគ្រូពេទ្យ​ពិនិត្យមើល​អ្នក​ជម្ងឺ​ឲ្យ​បានជា​ប្រចាំ និង​ហ្មត់ចត់​បំផុត ដោយ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។ ក្រៅពីនោះ ជម្រុញ​ដល់​ការព្យាបាល​ជម្ងឺ ឲ្យ​បាន​លឿន​ជាង​មុន ។ ទី​.៤.​ត្រូវអនុវត្ត​វិធានការ​ផ្លូវច្បាប់ ចំពោះ ជនខិលខូច​ទាំងឡាយ ដែល​គេច​វែ​ស ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល បូករួម​ទាំង ជន​មិន​គោរព​តាម​វិធាន​សុខាភិបាល ផងដែរ ។ ទី​៥.​ត្រូវ​បន្ត​ការគ្រប់គ្រង​ចំណូលស្រុក ឲ្យ​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ។ ទី​៦.​ជម្រុញ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ នៅតាម​ទីប្រជុំជន និង​តំបន់ ដែលមាន​ហានិភ័យ ។ និង​ទី​៧.​ចំពោះ សាលារៀន​វិញ មិន​អនុញ្ញាត​ឲ្យ​បិទ​សាលា​ទាំងមូល​នោះទេ ពោលគឺ បើ​មាន​ករណី​ឆ្លង​នៅ​ថ្នាក់​ណា ត្រូវ​បិទ​ថ្នាក់​នោះ ហើយ​អ្នក​វិ​ជ្ច​មាន ត្រូវ​យកទៅ​ព្យាបាល ។ រីឯ​អ្នកពាក់ព័ន្ធ ត្រូវយក​ធ្វើ​ច​ត្តា​ឡី​ស័ក ។ យើង​ធ្វើបែបនេះ ដើម្បី បញ្ជៀ​ស​ផលប៉ះពាល់ ទៅដល់​ការសិក្សា របស់​សិស្សានុសិស្ស ។

ជាមួយគ្នា​នោះដែរ ឯកឧត្ដម អ៊ុន ចាន់​ដា ក៏បាន​ណែនាំ ទៅដល់​អាជ្ញាធរ​ក្រុង ស្រុក ក៏ដូចជា វិស័យ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការគ្នា ធ្វើយ៉ាងណា កុំ​ឲ្យ​ស្ថានការណ៍​នេះ​វិ​វ​ឌ្ឍ​ធ្ងន់ធ្ងរ និង​រួមគ្នា​គ្រប់គ្រង​ស្ថានការណ៍​នេះ ឲ្យ​ល្អប្រសើរ និង​ឈានទៅ​ស្ងប់ស្ងាត់​ទៅវិញ ៕