ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ ៨៥គ្រួសារ បានទទួលអំណោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈអភិបាលខេត្តកំពង់ចាម

នួន សត្យា

អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨៥គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុនចាន់ដាបានរំលឹកថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ពេលកំពុងភ្លៀងធ្លាក់ខ្លាំងក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួចធ្វើអោយផ្ទះ៨៧ខ្នង ក្នុងនោះភូមិទួលរកា១៧ខ្នង និងភូមិដីលើ៧០ខ្នង រងការខូចខាតដោយមានការដួលរលំរបើកសង្កសីហ្វីប្រូ និងរបើកក្បឿង។ ប៉ុន្តែភ្លាមៗនោះ ឯកឧត្តមបានចាត់អោយលោកនាយកប្រតិបត្តិសាខានាំយកអំណោយមនុស្សធម៌ផ្តល់មួយជំហានមុនជូនដល់២គ្រួសារ ដែលរងការខូចខាតធ្ងន់ជាងគេរួចហើយ។ នៅសល់៨៥គ្រួសារនេះសាខាបានសហការចុះពិនិត្យវាយតម្លៃឡើងវិញជាបន្តបន្ទាប់ហើយចុងក្រោយក៏បានសម្រេចធ្វើការឆ្លើយតបតាមរយៈការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនសម្រាប់ការស្តារនិងជួសជុលលំនៅដ្ឋានបងប្អូនឡើងវិញ។

ជាមួយគ្នា ឯកឧត្តមអភិបាលខេត្តបានសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះចំពោះគ្រោះធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ហើយក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយមិនប្រកាន់វណ្ណៈជំនឿសាសនាឬនិន្នាការនយោបាយអ្វីឡើយហើយលោកតែងបានចាត់តំណាងចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោក “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង៨៥គ្រួសារក្នុង១ គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម,មី១កេស,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរត្រីខ១០កំប៉ុង,ឃីត១,អាវយឺតចំនួន៤និងថវិកា១០០,០០០រៀល៕