ដើម្បី អបអរសាទរឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ ដែលនឹងឈានចូលមកដល់ឆាប់ៗ នាពេលខាងមុខនេះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បាននិមន្តព្រះសង្ឃចំនួន ២អង្គ សូត្រមន្ត ចម្រើនព្រះបរិត្ត រំដោះគ្រោះឧបទ្រុប ឧត្បាទចង្រៃ សុំពរសុខសិរីសួស្ដី និងឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ឌួងវិញ្ញាណក្ខន្ត អតីតមន្ត្រីរាជការមន្ទីរព័ត៌មាន ក៏ដូចជា វិញ្ញាណក្ខន្តបុព្វការីជន ដែលបានពលីជីវិត ទៅកាន់បរលោកខាងមុខ នៅក្នុងសម័យសង្គ្រាម ផងដែរ ។
ពិធីនេះ ប្រព្រឹត្តទៅ នារសៀល ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការដឹកនាំផ្ទាល់ ពីលោកស្រី សម ផល្លា ប្រធានប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះការិយាល័យ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ជាច្រើនរូបទៀត ផងដែរ ។
គូសបញ្ជាក់ផងដែរថា ពិធីខាងលើនេះ ក៏បាននិមន្តព្រះសង្ឃចំនួន ២អង្គ សូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រហ្ម សព្វសាធុការពរជ័យ ទៅតាមកិច្ចសាសនា ដើម្បី បួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី ក៏ដូចជា បួងសួង ទៅដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាម កិរិណីទេវី ដែលនឹងយាងមកថែរក្សាព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ សូមជួយប្រោះព្រហ្មពរជ័យ សិរីសួស្តី ជ័យមង្គល អាយុយឺនយូរ និងសូមឲ្យរោគារព្យាធិទាំងឡាយ មាននៅក្នុងឆ្នាំចាស់ វិនាសទៅហោង ហើយសុំពរសេចក្តីសុខ សព្វសាធុការ ថ្វាយទៅដល់ព្រះមហាក្សត្រខ្មែរ សម្តេចម៉ែ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បី ជាម្លប់ដ៏ត្រជាក់ត្រជុំ ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យកាន់តែរីកចំរើនទ្វេរឡើង ថែមទៀត ។
គួររំលឹកដែរថា តាមទំនៀមទំលាប់ ជាកេរ្តិ៍តំណែលដ៏ពិសិទ្ធិ របស់បុព្វបុរសខ្មែរ នៃយើង ក្នុងមហាសង្ក្រាន ទាំង ៣ថ្ងៃ ប្រជារាស្ត្រយើង តែងរៀបចំនូវគ្រឿងលំដាប់ សក្ខារៈបូរជា អុចទៀនធូប ប្រទីបជ្វាលា ថ្វាយព្រះរតនៈត្រៃ ដើម្បី ទទួលស្វាគមន៍ អំណរទេវតាឆ្នាំថ្មី ។ ជារៀងរាល់ឆ្នាំ មុនពេលបុណ្យចូលឆ្នាំឈានចូលមកដល់ ប្រជាពលរដ្ឋទូទៅ តែងនិមន្តព្រះសង្ឃសូត្រមន្ត រំដោះនូវគ្រោះឧបទ្រុប ឧត្បាទចង្រៃ និងមន្ទិលសៅហ្មង ផងទាំងពួង ដែលមាននៅក្នុងឆ្នាំចាស់ ហើយឈានទៅចាប់យក តែអំពើល្អៗក្នុងឆ្នាំថ្មី ។ លើសពីនេះទៅទៀតនោះ ពិធីបុណ្យចូលឆ្នាំនេះដែរ ក៏ជាឱកាសឲ្យប្រជារាស្ត្ររួមគ្នា ជម្រុះចោល ឲ្យជ្រះស្រឡះនៅអពមង្គល ហើយទាំងចិត្តជាថ្មី ប្រព្រឹត្តតែអំពើល្អ ប្រកបដោយមេត្តា ករុណា មុតិតា ឧបេក្ខា និងបញ្ញា និងធ្វើបុណ្យទាន សាងកុសល ដើម្បី សុខសិរីសួស្ដីវិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះ តរៀងទៅ ។
ដោយឡែក ផ្សាភ្ជាប់ជាមួយនឹងទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ឆ្នាំ២០២២ ដែលនឹងស្ថិតមកដល់ នាពេលឆាប់ៗខាងមុខ នាឆ្នាំនេះដែរ ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ក៏បានផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ ដើម្បី លើកទឹកចិត្តដល់មន្ត្រីរាជការ ជានារី ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងតួនាទីរបស់ខ្លួន ជូនមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ជារៀងរហូតមក ផងដែរ ៕ សារ៉ាត