គណៈកម្មការ​ប្រឆាំង​ជំងឺ កូ​វីដ​១៩ ខេត្តកំពង់ចាម បន្តការងារ​ផ្សព្វផ្សាយ​សារ​អប់រំ ស្ដីពី​វិធានការ​បន្ទាន់​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅតាម​ខ្នង​ផ្ទះ និង​តាម​បណ្ដា​ក្រុង​-​ស្រុក​

អត្ថបទ៖ ចិន សារ៉ាត

អនុវត្ត​ទៅតាម​ការណែនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ នេះ គណៈកម្មការ​ប្រឆាំង​ជំងឺ​កូ​វីត​-១៩ ខេត្តកំពង់ចាម ក្រោម​ដឹកនាំ​ដោយ ឯកឧត្ដម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មការ​ប្រឆាំង​ជំងឺ កូ​វីដ​១៩ ខេត្តកំពង់ចាម បាន​អញ្ជើញ និង​ចាត់​ឲ្យ​ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត ដើម្បី ចុះ​បើក​យុទ្ធនា​ការចុះ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ ស្ដីពី​ការបង្ការ​ទប់ស្កាត់ ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ នៅតាម​រដ្ឋបាល ក្រុង​/​ស្រុក ទាំង ១០ នៃ​ខេត្តកំពង់ចាម ។​

សូមបញ្ជាក់​ផងដែរ​ថា មកដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ អាជ្ញាធរខេត្ត​កំពង់ចាម រួម​និង​កម្លាំង​សមត្ថកិច្ច​ជំនាញ តាម​បណ្ដា​ក្រុង​-​ស្រុក​នីមួយៗ បាន​នឹង​កំពុង​បន្តសកម្មភាព​ផ្សព្វផ្សាយ​សារ​អប់រំ ស្តីពី​វិធានការ​បន្ទាន់​បង្ការ ជំងឺ COVID-19 នៅតាម​ខ្នង​ផ្ទះ និង​តាម​ដងផ្លូវ​ទី​ចុងកាត់មាត់ញក យ៉ាងសកម្ម​បំផុត ក្នុង​គោលបំណង​ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប និង​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ជាពិសេស បងប្អូន​ពលរដ្ឋ ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស បាន​ចូលរួម​ទាំងអស់គ្នា ផងដែរ ។

គួរ​កត់សម្គាល់ថា វិធានការ​នេះ ត្រូវបាន​ចាត់ទុកថា ជា​ការចុះ​ផ្សព្វផ្សាយ​ដល់​គោលដៅ ពោលគឺ​នៅតាម​ខ្នង​ផ្ទះ របស់​ប្រជាពលរដ្ឋ​តែម្តង ដើម្បី ឲ្យ​ពួកគាត់​បាន​យល់ដឹង និង​ចេះ​បង្ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ ១៩ ដែល​កំពុង​រីក​រាលដាល នៅតាម​បណ្តា​ប្រទេស​ទូទាំង​សាកលលោក រួមទាំង​កម្ពុជា ផងដែរ ។​

សូមជម្រាបថា ដើម្បី រួមគ្នា​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ Covid-19 នៅ​ប្រទេស​កម្ពុជា ក្រសួងសុខាភិបាល បាន​បញ្ចេញ​សារ​អប់​រំជា​អាទិភាព​សំខាន់ៗ​ចំនួន ៤ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្តន៍ គឺ ៖ ទី​១. អ្នក​មកពី​បរទេស សូម​នៅតែ​ក្នុងផ្ទះ​ក្នុង​រយៈពេល ១៤​ថ្ងៃ ដើម្បី ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ចាប់ពី​ថ្ងៃ​ចូលមក​ប្រទេស​កម្ពុជា​វិញ ។ ទី​២.​ប្រសិនបើ​លោកអ្នក មាន​រោគ​ស ញ្ញា​យ៉ាងតិច​មួយ ក្នុងចំណោម​សញ្ញា​ដូចជា​៖ គ្រុនក្តៅ​យ៉ាងតិច​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ផ្សេងទៀត ក្រៅពី​កម្ពុជា សូម​ទាក់ទង​លេខ​ទូរស័ព្ទ ១១៥ ជាបន្ទាន់​។ ទី​៣.​ប្រសិនបើ​លោកអ្នក មាន​រោគសញ្ញា​យ៉ាងតិច​មួយ​ក្នុងចំណោម​សញ្ញា​ដូចជា គ្រុនក្តៅ​យ៉ាងតិច​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដក ដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ផ្សេងទៀត ក្រៅពី​កម្ពុជា ក្នុង អំឡុងពេល​១៤​ថ្ងៃ មុន​ចេញ​រោគសញ្ញា សូម​ទាក់ទង​ទូរស័ព្ទ ១១៥ ជាបន្ទាន់ ។ និង​ទី​៤. ប្រសិនបើ​លោកអ្នក​បាន​ប៉ះពាល់ ឬ​មាន​ប្រវត្តិ​ប៉ះពាល់ ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ដែល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា វិជ្ជមាន​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ ជាបន្ទាន់ ដើម្បី​ទទួល​ការពិភាក្សា យោ ប​ល់​ថែទាំ​សុខភាព ៕