ឯកឧត្ដម ព្រុំ សុខា សំណេះសំណាល ផ្ដល់​ការលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ ​និង​បុគ្គលិក​សុខាភិបាល នៃ​មន្ទីរពេទ្យ ខេត្តកំពង់ចាម​

អត្ថបទ៖ ចិន សារ៉ាត

កាល​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​ដឹកនាំ​ប្រតិភូ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​សហការី អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល ផ្ដល់​ការលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​សុខាភិបាល នៃ​មន្ទីរពេទ្យ ខេត្តកំពង់ចាម ។ ពិធី​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ និង​បុគ្គលិក​មន្ទីរពេទ្យ ជាច្រើនរូប​ទៀត ផងដែរ ។

ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លើកឡើងថា កន្លងមក មាន​អ្នក​ជម្ងឺ​កូ​វីដ ១៩ បាន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​សរុប​ចំនួន ១៦​នាក់ ស្រី ៤​នាក់ ប្រុស ១២​នាក់ ក្នុងនោះ​មាន ៖ ជនជាតិ អង់គ្លេស​ចំនួន ០៥​នាក់ អាមេរិកាំង ០២​នាក់ ម៉ាឡេស៊ី ០៨​នាក់ និង​ខ្មែរ ០១​នាក់ ។ អ្នក​ជម្ងឺ​កូ​វីដ ១៩ ដែលមាន​នៅក្នុង​ខេត្តកំពង់ចាម គឺជា​ករណី​ឆ្លង​នៅ​បរទេស ហើយ​នាំ​ចូលមក មាន​ចំនួន ១៥​នាក់ និង​មាន​ជនជាតិខ្មែរ ០១​នាក់ បាន​ឆ្លង​នៅក្នុង​ប្រទេស គឺជា​អ្នកធ្វើការ​ផ្ទាល់ និង​ស្នាក់នៅ​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី ដែលមាន​ជម្ងឺ​កូ​វីដ ១៩ នោះ ។

ទោះជា​យ៉ាងណា មកដល់ពេលនេះ អ្នក​ជម្ងឺ​កូ​វីដ ១៩ ទាំង ១៦​នាក់ នោះ បាន​ព្យាបាល​ជាសះស្បើយ និង​ចេញពី​មន្ទីរពេទ្យ​អស់ហើយ ហើយក៏​ពុំមាន​អ្នក​ជម្ងឺ​កូ​វីដ ១៩ សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ទៀត​ដែរ ។ ឯកឧត្ដម​អភិបាលខេត្ត មានប្រសាសន៍ថា អនុវត្ត​ទៅតាម​ការណែនាំ របស់​រាជា​រដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង ទៅនឹង​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ខេត្តកំពង់ចាម បានរៀបចំ​ទីកន្លែង​ដាច់ដោយឡែក សម្រាប់​ច​ត្តា​ឡី​ស័ក ចំនួន ០៣​កន្លែង គឺ ៖ មន្ទីរពេទ្យ​ខេត្ត ១៤​បន្ទប់ ស្មើនឹង ៦២​គ្រែ សណ្ឋាគារ​មេគង្គ ចំនួន ៧១​បន្ទប់ ស្មើនឹង ១៤២​បន្ទប់ និង​សាលា​គរុកោសល្យ​ខេត្ត ០៣​អគារ ស្មើនឹង ៥៥២​បន្ទប់ ។ ទន្ទឹមនឹង​នោះដែរ រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ​-​សង្កាត់ និង​មណ្ឌល​សុខភាព​ឃុំ​-​សង្កាត់ នៅតែ​បន្តធ្វើ​ការអប់រំ ដល់​ប្រជាពលរដ្ឋ ឲ្យ​ចេះ​រក្សា​អនាម័យ តាមរយៈ ឧ​គ្ឃោ​សន​ស័ព្ទ​ចល័ត តាម​ទីប្រជុំជន និង​តាម​ខ្នង​ផ្ទះ ផងដែរ ។ ដោយឡែក ពលករ ពល​ការិនី ដែល​បាន​អនុវត្ត​ច​ត្តា​ឡី​ស័ក ដោយ​ស្នាក់នៅ​ដាច់ដោយឡែក រយៈពេល ១៤​ថ្ងៃ មកទល់នឹង​ថ្ងៃនេះ មាន​ចំនួន ២.៩២៦​នាក់ បាន​សមាហរណកម្ម​ទៅក្នុង​សហគមន៍ និង​គ្រួសារ​វិញ នៅសល់​ចំនួន ១១០​នាក់ កំពុង​បន្ត​អនុវត្តន៍ ផងដែរ ។​

ថ្លែង​នាឱកាស​នោះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ មានប្រសាសន៍ថា អ្វីៗ​ដែល​មន្ទីរពេទ្យ​ខេត្ត ក៏ដូចជា អាជ្ញាធរខេត្ត​កំពង់ចាម សម្រេចបាន​ទាំងអស់នោះ គឺ​សាក​សម​ទៅនឹង​ទំនុកចិត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ក៏ដូចជា ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទទួលខុសត្រូវ​របស់​យើង ក្នុងនាម​ជា​យើង​ជា​អ្នក​បំពេញការងារ នៅក្នុង​សមរភូមិ​មុខ នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ ១៩ នោះ ។ ឯកឧត្ដម​រដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់តាំងពី​ការផ្ទុះ នៃ​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​ប្រទេស​ចិន នា​ចុងឆ្នាំ​២០១៩ មក​នោះ នៅក្នុង​ក្របខណ្ឌ​កម្ពុជា គឺ​មិនទាន់មាន​ការឆ្លង​រីក​រាលដាល យ៉ាងធ្ងន់ធ្ងរ ដូច​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន ក្នុង​ពិភពលោក​នោះឡើយ ។ យ៉ាងណា​ម៉ិ​ញ នៅ​កម្ពុជា​យើង​មាន​អ្នក​ឆ្លង​ជម្ងឺ​កូ​វីដ ១៩ ចំនួន ១២២​នាក់ ក្នុងនោះ ១១៩​នាក់ បាន​ព្យាបាល​ជាសះស្បើយ នឹង​មិនមាន​អ្នកស្លាប់​នោះឡើយ ។

ឯកឧត្ដម​រដ្ឋមន្ត្រី សង្កាត់​ធ្ងន់​ថា ទោះបីជា​យ៉ាងណាក្ដី ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​មានការ​ធ្វេសប្រហែស និង​មើលស្រាល ខណៈដែល​អង្គការ​សុខ​ភាព​ពិភពលោក លើក​ការព្រមាន​ថា ការឆ្លង​រា​ត្បា​ត​ជាស​កល នៃ​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​នេះ អត់​ទាន់​ធូរស្រាល នៅឡើយ​នោះទេ ។

ម្យ៉ាងវិញទៀត ដោយសារតែ​បញ្ហា​កូ​វីដ ១៩ ជា​បញ្ហា​សុខា​ភាព​សាធារណៈ ពោលគឺ មិនមែនជា​បញ្ហា​របស់​សុខាភិបាល​តែមួយ​នោះទេ តែ​វា​ពាក់ព័ន្ធ​ដល់​សង្គម​ទាំង​មួល ដើម្បី រួមគ្នា​ដោះស្រាយ​ទាំងអស់គ្នា ។ តាមរយៈ​នេះ សូម​ឲ្យ​ក្រុមគ្រូពេទ្យ​ទាំងអស់ ក៏ដូចជា អាជ្ញាធរ​មូលដ្ឋាន សូម​ពង្រឹងស្មារតី បំពេញភារកិច្ច​នេះ ជា​បន្តទៅទៀត ដើម្បី ថែរក្សា​សុខភាព ក៏ដូចជា សុខុមាលភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជៀស​ផុតពី​ជម្ងឺ ដ៏​កាច​សាហាវ​មួយ​នេះ ទាំងអស់គ្នា។