អភិបាលខេត្ត​កំពង់ចាម ផ្ដល់​អនុសាសន៍ ដើម្បី​ពង្រឹង​លើ​ការងារ​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

អត្ថបទ៖ នួន សត្យា

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តកំពង់ចាម បានផ្ដល់​អនុសាសន៍​មួយចំនួន ដល់​មន្ត្រីក្រោមឱវាទ ដើម្បី​យកទៅអនុវត្ត​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ ។

​ការ​ថ្លែង​ផ្ដល់​អនុសាសន៍ របស់លោក​អភិបាលខេត្ត បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ ប្រចាំឆមាស​ទី ១ របស់​គណៈកម្មាធិការ​ខេត្ត ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។

​បន្ទាប់ពី​មានប្រសាសន៍​កោតសរសើ​រ​ដល់​លទ្ធផល​ការងារ​ក្នុង​ឆមាស​ទី ១ ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត សម្រេចបាន ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងថា ដើម្បី​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​នៅពេល​ខាងមុខនេះ លោក​សូម​ផ្ដល់​អនុសាសន៍ ៥​ចំណុច​ដូចខាងក្រោម ៖
*​ទី​១ ៖ សូមឱ្យ​លេខាធិការដ្ឋាន​បន្ត​ការបណ្ដុះបណ្ដាល ផ្ដល់នូវ​ចំណេះដឹង ដើម្បី​ឲ្យ​មន្ត្រី​នៅ​មូលដ្ឋាន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន ។​

*​ទី​២ ៖ លេខាធិការ​រដ្ឋា​ន ត្រូវ​ពិនិត្យ​និង​អនុវត្ត​ផែនការ សកម្មភាព​របស់ខ្លួន​បន្តទៅទៀត ដោយសារ​យើង​កំពុងមាន​វិបត្តិ​ជំងឺ​កូ​វីដ​19 ដូច្នេះ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។​

*​ទី​៣ ៖​ពាក់ព័ន្ធ​ទៅ​និង​ក្រុម​ជំនាញ​ទាំង ៦ ត្រូវអនុវត្ត​ការងារ​របស់ខ្លួន​ឲ្យ​បាន​សកម្ម ទៅតាម​ភារកិច្ច​របស់ខ្លួន ដូចដែល​បានចែង​នៅក្នុង​សេចក្តីសម្រេច​រួម ។

*​ទី​៤ ៖ សូម​ថ្នាក់ក្រុង​_​ស្រុក និង​ឃុំ​-​សង្កាត់ បន្ត​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទាំង ៩ ចំណុច ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ការធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព ជៀស​ផុតពី​ការចាញ់បោក​មេខ្យល់ ដែល​អាច​ឈានដល់​ការរង​គ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស ។​

*​ទី​៥ ៖​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​កុមារ សម្រាប់​ក្រុង​កំពង់ចាម លោក សូម​ឲ្យ​ក្រុមការងារ​ការពារ​ជនរងគ្រោះ ហើយ​មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន​ខេត្ត ជា​ប្រធាន សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​កំពង់ចាម ចាត់វិធានការ​តាម​នីតិវិធី ដើម្បី​គ្រប់គ្រង មុខសញ្ញា​ទាំងអស់ អោយមាន​សណ្ដាប់ធ្នាប់ និង​អាច​ចៀស​ផុតពី​ជម្ងឺ​កូ​វីត​19 ផងដែរ ។​