​កុមារកំព្រា ២៤នាក់ ទទួលបានការពិនិត្យឈាម និងចាក់វ៉ាក់សាំង ការពារជំងឺរលាកថ្លើម ប្រភេទ B


នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះសង្កាត់សំបួរមាសក្រុងកំពង់ចាមបាននាំយកវ៉ាក់សាំងការពារជំងឺរលាកថ្លើម ប្រភេទ B  និងពិនិត្យឈាមជូនកុមារកំព្រាអាយុ ក្រោម ១១ឆ្នាំ នៅមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ។

លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា ជំងឺរលាកថ្លើមប្រភេទ B អាចបណ្តាលឲ្យប៉ះពាល់ថ្លើមរយៈពេលវែង ឬមហារីកថ្លើមដល់មនុស្ស ជាពិសេសកុមារ ដូចនេះ ដើម្បីការពារសុខភាពរបស់កុមារនាពេលអនាគត ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមអោយបានគ្រប់ៗគ្នា ជាពិសេសកុមារតូចៗ អាយុក្រោម ១១ឆ្នាំ។

ជាក់ស្ដែងថ្ងៃនេះ ដោយមានការសហការ និងជួយឧបត្ថម្ភពី ឯកឧត្ដម ប៊ុត សុខល់ នាយករងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងលោកជំទាវ សូរ ស្រីមុំ  រួមជាមួយសប្បុរសជនមួយចំនួន រួមមានលោកជំទាវ និងក្រុមការងារ ព្រមទាំងក្រុមគ្រូពេទ្យសង្កាត់សំបួរមាស បាននាំយកយកវ៉ាក់សាំងការពារជំងឺរលាកថ្លើម ប្រភេទ B  និងធ្វើការពិនិត្យឈាមជូនកុមារកំព្រាអាយុ ក្រោម ១១ឆ្នាំ នៅមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម។ 

លោកជំទាវ ប៉ាង ដានី បានថ្លែងអំណរគុណ ចំពោះ ឯកឧត្ដម
ប៊ុត សុខល់ និងលោកជំទាវ សូរ ស្រីមុំ ព្រមទាំងសប្បុរសជន ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួន ចូលរួមចំណែក ជួយដល់សង្គម ជាពិសេស ការទិញវ៉ាក់សាំងបង្ការជម្ងឺរលាកថ្លើមប្រភេទBសម្រាប់ចាក់ដល់ក្មួយៗកុមារទាំង ២៤នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រា នាពេលនេះ ។

តាមរបាយការណ៍របស់លោក នៅ វណ្ណៈ នាយកមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ឲ្យដឹងថា បច្ចុប្បន្ន មជ្ឈមណ្ឌល មានកុមារកំព្រាចំនួន ៦៤នាក់ កំពុងស្នាក់អាស្រ័យ និងមានម៉ែដោះចំនួន ៥នាក់ គ្រប់គ្រង និងមើលថែក្មេងៗ ជារៀងរាល់ថ្ងៃ៕