អភិបាលខេត្ត​កំពង់ចាម បើក​ការដ្ឋាន​សាងសង់​គម្រោង​ប្រព័ន្ធ​ផ្លូវ និង​សួនច្បារ ​នៅ​មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់​

​គម្រោង​ប្រព័ន្ធ​ផ្លូវ និង​សួនច្បារ នៅ​បរិវេណ​មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ចំណាយ​ថវិកា​ប្រមាណ​ជាង ១៨​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ របស់​សមគម​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវបាន​ប្រារព្ធ​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ ក្រោម​អធិបតីភាព ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម​ជា​អភិបាលរង​ខេត្ត លោក​វេជ្ជបណ្ឌិត Steven Lewis អ្នក​ប្រឹក្សា​វេជ្ជសាស្ត្រ នៃ​សមាគម​សាសនា​ចក្រ និង​លោក សៀ សំណាង ប្រធាន​សមាគម​សាសនា​ចក្រ ប្រចាំ​នៅ​កម្ពុជា លោក សៀ សំណាង ប្រធាន​សមាគម ប្រចាំ​នៅ​កម្ពុជា និង​លោក លោកស្រី ជា​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ។​

ក្នុង​សុន្ទរកថា ស្វាគមន៍ លោក​វេជ្ជបណ្ឌិត គីម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ចាម បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សមគម​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បាន​ជួយ​ដល់​វិស័យ​សុខាភិបាល នៅក្នុង​ខេត្តកំពង់ចាម ជាពិសេស ដល់​មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្នុង​ពេលនេះ ។ លោក​វេជ្ជបណ្ឌិត ក៏បាន​លើកឡើង​ដែរ​ថា ក្នុងដំណាក់កាល នៃ​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ សមាគម​ខាងលើ ក៏បាន​ជួយឧបត្ថម្ភ​ជា​សម្ភារៈ និង​ថវិកា​ជាច្រើន​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជម្ងឺ ដ៏​កាច​សាហាវ​មួយ​នេះ ផងដែរ ។ ដូច្នេះ ជូនពរ​ដល់​តំណាង​អង្គការ និង​សហការី សូម​ប្រកប​តែ​សេចក្ដីសុខ និង​ចំរើន ជា​និ​ន្ត​រ៍ តរៀង​ទៅ ។​

​លោក​វេជ្ជបណ្ឌិត Steven Lewis អ្នក​ប្រឹក្សា​វេជ្ជសាស្ត្រ នៃ​សមាគម​សាសនា​ចក្រ និង​លោក សៀ សំណាង ប្រធាន​សមាគម​សាសនា​ចក្រ ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា សមាគម​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ នៃ​ពួក​បរិស័ទ​ថ្ងៃ​ចុងក្រោយ បាន​ជួយ​ដល់​ធ្វើការ​អភិវឌ្ឍ នៅលើ​ទឹកដី​ខេត្តកំពង់ចាម តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ ដោយបាន​ចំណាយ​ប​ថវិកា ជួយ​លើ​វិស័យ​មនុស្សធម៌ វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល អស់​ទឹកប្រាក់​ចំនួន​ប្រមាណ ១.២៨៤.៥៨០​ដុល្លារ​អាមេរិក ។ យ៉ាងណា​ម៉ិ​ញ នា​ប៉ុន្មាន​ចុងក្រោយ​នេះ សមាគម​សាសនា​ចក្រ បាន​នឹង​កំពុង​ចំណាយ​ថវិកា​រាប់សិប​ម៉ឺន​ដុល្លារ ក្នុង ១​ឆ្នាំៗ លើ​វិស័យ​ទាំងនោះ នៅលើ​ទឹកដី​ខេត្តកំពង់ចាម ដែលជា​ចំណែក​មួយ នៃ​ក្រ​ខ័​ណ្ឌ​សកម្មភាព​ទូទាំងប្រទេស ។

ថ្លែង​នាឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ សមាគម​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ នៃ​ពួក​បរិស័ទ​ថ្ងៃ​ចុងក្រោយ ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ នៅ​ខេត្តកំពង់ចាម ជាពិសេស ការជួយ​ដល់​ប្រជាពលរដ្ឋ​យើង នូវ​សំណង់​ដែល​បំរើ​ដល់​វិស័យ​សុខាភិបាល នៅក្នុង​ស្រុក​ស្ទឹងត្រង់ ស្រប​ពេលដែល​រាជរដ្ឋាភិបាល បានធ្វើការ​អភិវឌ្ឍ ដោយ​ផ្សាភ្ជាប់​ស្ពាន​ស្ទឹងត្រង់ ក្រូចឆ្មារ ដែល​ជាស​សៃ​ឈាម​សេដ្ឋកិច្ច ដ៏​មាន​សារៈសំខាន់​បំផុត ក្នុងការ​លើកកម្ពស់​ក​ម្រិ​ត​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផង និង​ការផ្សាភ្ជាប់​នូវ​ប៉ូល​សេដ្ឋកិច្ច រវាង​ស្រុក​ស្ទឹងត្រង់ ទៅក្នុង​តំបន់​ភូមិភាគ​ឥ​សាន្ត ផងដែរ ។

តាមរយៈ​នេះ យើង​ត្រូវ​ជម្រុញ​ការ​សាង និង​ការលើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព ជាពិសេស មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ តែម្ដង ដើម្បី ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ ដោយ​មិនមាន​ភាពភ័យខ្លាច ពី​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ ស្របទៅនឹង​ការខិតខំ​ប្រឹងប្រែង របស់​រដ្ឋបាលខេត្ត ក៏ដូចជា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការផ្ដល់សេវា​សុខាភិបាល ជូន​ប្រជាពលរដ្ឋ ផងដែរ ។ ដូច្នេះ យើងទាំងអស់គ្នា មិនអាច​នៅ​ស្ងៀម​បានទេ ពោលគឺ ត្រូវតែ​រួមគ្នា​ធ្វើការ​អភិវឌ្ឍ និង​ការបង្កើត​នូវ​អ្វី​ដែលជា​សមិទ្ធផល ជា​សម្បទា នៃ​ការលើកកម្ពស់​សុខមាលភាព​សង្គម ។

យ៉ាងណា​ម៉ិ​ញ សមិទ្ធផល​ថ្ងៃនេះ ត្រូវ​ចំណាយ​ថវិកា ប្រមាណ​ជាង ១៨​ម៉ឺន​ដុល្លារ​អាមេរិក គឺជា​សមិទ្ធផល កកើតឡើង ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​រួមគ្នា ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជម្រុញ​ធ្វើ​ឲ្យ​កន្លែង ផ្ដល់​សេវា​សុខាភិបាល​មួយ​នេះ មាន​បរិយាកាស​ល្អ មាន​អនាម័យ និង​ផ្ដល់នូវ​ទំនុកចិត្ត​ខ្ពស់ លើ​គុណភាព នៃ​ការផ្ដល់សេវា របស់​ក្រុមគ្រូពេទ្យ ទៅដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​តំបន់ ផងដែរ ៕ សា​រ៉ា​ត