សមត្ថកិច្ចជលផល បន្តចុះបង្ក្រាបបទល្មើសនេសាទ ៥ករណី ក្នុងភូមិសាស្ត្រស្រុកបាធាយ ​និងស្រុកស្ទឹងត្រង់

លី ស៊ីយ៉ា

កំពង់ចាម : ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចំនួន ៥ករណី ក្នុងភូមិសាស្រ្តស្រុក​បាធាយ និងស្រុកស្ទឹងត្រង់ ដោយរឹបអវត្ថុតាងបានមួយចំនួនធំ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា បន្ទាប់ពីទទួលបាន ការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម ក្រុមការងាររបស់លោក បាន​ចុះបង្រ្កាបបទល្មើសជលផល​ ចំពោះមុខសញ្ញាបទល្មើស ដែលប្រើប្រាស់ឧបករណ៍​​លូស្បៃមុង ចំនួន ០៥ករណី ក្នុងស្រុកចំនួនពីរ និងកសាងសំណុំរឿងតាមនីតិវិធី នៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាង នៃបទល្មើសជលផល នៅនឹងកន្លែងកើតហេតុ ។

លោក អ៊ុក ណារិន បានបន្តថា ក្នុងប្រតិបត្តិការរបស់មន្ត្រីជំនាញទាំងពីរស្រុកនេះ គឺនៅបាធាយ សមត្ថកិច្ចយើងបង្រ្កាបបទល្មើសបានចំនួន ៣ករណី និងរុះរើបំផ្លាញវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន៖ ​
នៅចំណុចស្ពានយោលព្រែកឱម៉ាល់ ភូមិឱម៉ាល់ ឃុំបាធាយ រឹបអូសបានរបាំងរ៉ាវផ្ចិតព្រែកចំនួន០១កន្លែងប្រវែង ២៥ម៉ែត្រ ឧបករណ៍រ៉ាវចំនួន០១មាត់ បង្គោលចំនួន៣០ដើម ។ នៅចំណុចចុងភូមិឱម៉ាល់ ភូមិឱម៉ាល់ ឃុំបាធាយ​ រឹបអូសបានឧបករណ៍លូស្បៃមុងចំនួន ១៤មាត់ របាំងស្បៃមុងចំនួន៧១៤ម៉ែត្ បង្គោលចម្រឹងចំនួន២២៤ដើម ចាក់លែងកូនត្រីចម្រុះ​ ២១គីឡូក្រាម។ ចំណុចកំពង់ស្ពានថ្ម ភូមិទួល ឃុំបាធាយ រឹបអូសបាន ឧបលរណ៍លូស្បៃមុងចំនួន ១៦មាត់ របាំងស្បៃមុងចំនួន៨១៦ម៉ែត្រ បង្គោលចម្រឹងចំនួន២៥៦ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣២គីឡូក្រាម។

ដោយឡែកនៅស្រុកស្ទឹងត្រង់ សមត្ថកិច្ចយើងបានចុះប្រតិបត្តិការបង្រ្កាបចំនួន ០២ករណី និងរុះរើ​បំផ្លាញវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ រួមមាន៖ ​នៅចំណុចបឹងអន្លង់ខឹម ឃុំខ្ពបតាងួន រឹបអូសបានលូស្បៃមុងចំនួន០៩មាត់ របាំងស្បៃមុងចំនួន២២៥ម៉ែត្រ បង្គោលចម្រឹងចំនួន១៣៥ដើម ចាក់លែងកូនត្រីចម្រុះ​ ២៧គីឡូក្រាម។ នៅចំណុចគគីកោង ឃុំខ្ពបតាងួន រឹបអូសបានលូស្បៃមុងចំនួន១១មាត់ របាំងស្បៃមុងចំនួន២៥០ម៉ែត្រ បង្គោលចម្រឹងចំនួន១៦៥ដើម ចាក់លែងកូនត្រី​ ៣៥គីឡូក្រាម។