អភិបាលខេត្ត​កំពង់ចាម ផ្ដល់​អំណោយ​ដល់​ពលរដ្ឋ​សកម្ម​២៨​នាក់ ដែល​បាន​ចូលរួម​ជួយ​កាយ​មុខទឹក រំដោះ​ជំនន់​ទឹកភ្លៀង​

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា នា​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ រួមជាមួយ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ បានរៀបចំ​ពិធី​សំណេះសំណាល និង​ផ្ដល់​អំណោយ​ដល់​ពលរដ្ឋ​សកម្ម​ចំនួន ២៨ នាក់ ដែល​ពួកគាត់​បាន​ចូលរួម​ក្នុង​សកម្មភាព​កាយ​លូ​រំដោះ​ទឹកភ្លៀង ចេញពី​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម កន្លងទៅ​ថ្មីៗ​នេះ ។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​នោះ ​ឯកឧត្តម ​អភិបាលខេត្ត បាន​ថ្លែង​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់បង​ប្អូន​ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​គាស់ កាយ ស្តារ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង មិន​ឲ្យ​ជន់​លិច​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្រុង​កំពង់ចាម​កន្លងទៅ​ថ្មីៗ​នេះ​។​

​ ​ឯកឧត្តម ​អភិបាលខេត្ត​បន្តថា នេះ​ជា​សកម្មភាព​ដ៏​ប្រពៃ​របស់​បងប្អូន ដែល​បាន​ចូលរួម​ជួយ​ដល់​ការងារ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​បឹង​កុក ឲ្យ​ចៀស​ផុតពី​ការ​ជន់​លិច​លំនៅដ្ឋាន និង​ផ្លូវ​គមនាគមន៍​ធ្ងន់ធ្ងរ​ផងដែរ​។​

​សូម​បញ្ចា​ក់ថា អំណោយ​របស់ ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ សកម្ម ទាំង​២៨​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ​២៥​គីឡូ មី ១​កេស ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ទឹក​សុទ្ធ​១​កេស សាប៊ូ ១​កញ្ចប់ និង​ថវិកា ៤០.០០០​រៀល​ផងដែរ​៕​