មន្ទីរអប់រំ​ខេត្តកំពង់ចាម ស្នើ​ឲ្យ​ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​មតេយ្យ​សហគមន៍​

អត្ថបទដោយ៖ ​អឿន ស្រួ​

លោកស្រី ហន ថា​វី បាន​អំពាវនាវ​ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​រួមគ្នា​លើកកម្ពស់​គុណភាព​អប់រំ​នៅ​មតេយ្យ​សហគមន៍ នៅ​ទូទាំង​ខេត្តកំពង់ចាម ដើម្បី​ឲ្យ​កុមារ​តូច​មានឱកាស​បាន​ចូលរៀន និង​ទទួលបាន​ការអប់រំ​ជា​មូលដ្ឋានគ្រឹះ​ប្រកបដោយ​គុណភាព​។​

​លោកស្រី ហន ថា​វី អនុប្រធាន​ការិយាល័យ​អប់រំ​កុមារ​តូច​នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តកំពង់ចាម ថា មតេយ្យ​សហគមន៍​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ជា​កាំជណ្តើរ​ទី​១ ដែល​បានផ្តល់​ចំណេះដឹង​មូលដ្ឋានគ្រឹះ​ដល់​កុមារ​តូចៗ មុននឹង​ឈានឡើង​ដល់​ថ្នាក់​សាលាបឋមសិក្សា​។​

​លោកស្រី​បន្តថា កន្លងមក​មន្ទីរអប់រំ​ខេត្ត​បាន​ព្យាយាម​ពង្រឹង​និង​ពង្រីក​ការជួយ​បណ្តុះបណ្តាល​ទាំង​ផ្នែក​ធនធានមនុស្ស និង​បច្ចេកទេស​ដល់​គ្រូ ជួយផ្តល់​សម្ភារៈ​សិក្សា​ជាដើម​ដល់​មតេយ្យ​សហគមន៍​ទាំងអស់ មិន​ថា មតេយ្យ​ស្តង់ដារ​ដែល​បា​នប​ញ្ជូ​ល​ស្ថិតក្រោម​ការ​គ្រប់​គ្រប​របស់​មន្ទីរ និង​មតេយ្យ​មិនទាន់​ចូល​ជា​ស្តងដារ​។ ហើយ​មន្ទីរ​ក៏បាន​អប់រំ​ឪពុកម្ដាយ ដើម្បី​ឲ្យ​លោក​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការអប់រំ​និង​ការចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​និង​បង្ហាត់បង្រៀន​កូនៗ​ផងដែរ​។​

​តែ​ទោះជា​យ៉ាងណា​លោកស្រី​បញ្ជាក់ថា បញ្ហា​ថវិការ គុណភាព​គ្រូ ទីកន្លែង​សិក្សា សម្ភារៈ​សិក្សា បង្គន់​អនាម័យ គឺ​នៅតែ​ជា​បញ្ហា​ចម្បង​ក្នុង​ដំណើរការ​នៃ​ការបង្កើន​គុណភាព​អប់រំ​នៅ​មតេយ្យ​សហគមន៍​។ ដូច្នេះ​លោកស្រី​ស្នើ​ឲ្យ​ធ្វើការ​រួមគ្នា ប្ដេជ្ញាចិត្ត​ចូលរួម​ទាំង​លោកគ្រូ​អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន អង្គការ​ដៃគូ និង​មាតាបិតា​សិស្ស គឺជា​បុគ្គល​សំខាន់​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​មតេយ្យ​សហគមន៍​។​

លោក​បាន​បន្ថែមទៀតថា ខេត្តកំពង់ចាម​មាន​មតេយ្យ​សហគមន៍​ចំនួន​១៦៧​កន្លែង ស្មើនឹង​១៧៤​ថ្នាក់ ក្នុងនោះ​ក្រោយ​ការចុះ​វាយតម្លៃ​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ មាន​មតេយ្យ​សហគមន៍​ចំនួន ៤០​កន្លែង បានដាក់​ប​ញ្ជូ​ល​ជា​មតេយ្យ​សហគមន៍​ស្តង់ដារ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរអប់រំ យុវជន​និង​កីឡា ហើយ​ត្រៀម​ដាក់​ប​ញ្ជូ​ល​នៅ​ឆ្នាំ​២០២០​ចំនួន​១០​កន្លែង​ទៀត​៕