អភិបាលខេត្ត​កំពង់ចាម ដាក់​គោលការណ៍ ៤ ចំណុច ដល់​សាខាសមាគម​សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​ឆ្នាំ ២០២២

នួន សត្យា

(​កំពង់ចាម​)៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ របស់​សាខាសមាគម​សិស្ស និស្សិត បញ្ញវន្ត ក្មេង​វត្ត​ខេត្តកំពង់ចាម ឆ្នាំ​២០២១ និង​ទិសដៅ​ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធានកិត្តិយស​សាខាសមាគម​សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត​ខេត្ត បានដាក់​គោលការណ៍ ៤ ចំណុច ដល់​សាខាសមាគម ដើម្បី​អនុវត្ត​បន្ត ឆ្នាំ​២០២២ ។

​ ឯកឧត្តម អ៊ុន ចាន់​ដា បាន​យក​ឱកាស​នោះ​ថ្លែង​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់បង​ប្អូន ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​សង្គម ដោយបាន​ចំណាយ​ទាំង​កម្លាំងកាយ ប្រាជ្ញា​ស្មារតី ធនធាន សម្ភារៈ ថវិកា ពេលវេលា សម្រេចបាន​នូវ​សកម្មភាព​ជាច្រើន​សម្រាប់​ឆ្នាំ ២០២១ កន្លងមក ជាមួយនឹង​ការដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត លោក​សូម​លើកទឹកចិត្ត​បន្តទៀត ដោយ​សូម​ធ្វើការ​ផ្តាំផ្ញើ​កិច្ចការ​មួយចំនួន ចំពោះ​ថ្នាក់ដឹកនាំ​សាខាសមាគម​ទាំងអស់​ដូចខាងក្រោម​៖

*​ទី​១ ៖ បន្ត​ពង្រឹង និង​ពង្រីក រចនាសម្ព័ន្ធ​ចាត់តាំង​ឱ្យ​កាន់តែ​ល្អប្រសើរ តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ថ្នាក់ក្រុង​-​ស្រុក​

*​ទី​២ ៖ បន្តធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​សង្គម ពិសេស​នៅតាម​បណ្តា​វត្ត​អារាម​។​

*​ទី​៣ ៖ សូម​ធ្វើការ​ទំនាក់ទំនង​សហការ​ល្អជា​មួយ​អង្គកា​រ​សមាគម​ដ៏ទៃទៀត​ដូចជា​៖ ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត សស​យក សមាគមនារី យុវជន​ស្រលាញ់​សន្តិភាព ព្រះ​មេគណ ព្រះគ្រូ​-​អនុគណ​ក្រុង​/​ស្រុក ព្រះចៅអធិការ​វត្ត ព្រះសង្ឃ​គ្រប់​អង្គ និង​អាជ្ញាធរ​មូលដ្ឋាន ។

*​ទី​៤ ៖ សូម​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​រឹងមាំ​ល្អប្រសើរ​ថែមទៀត​៕

​បើតាម អនុប្រធាន​សាខាសមាគម​សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត ខេត្តកំពង់ចាម ឯកឧត្តម ជា ក្រូច បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​កន្លងទៅ​នេះ​សាខាសមាគម​បាន​ជួប​ជាមួយ​សប្បុរស​ជនជាតិ​,​អន្តរជាតិ ចំនួន​៨​លើក និង​បាន​ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះទៅពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ប្រគេន​-​ជូន ព្រះសង្ឃ យាយជី តាជី បងប្អូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​ចំនួន​៤​លើក បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ចំនួន ៨៦​លើក និង​បាន​ចុះទៅ​ផ្សព្វផ្សាយ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​និង​នៅតាម​វត្ត​អារាម ។ ជាមួយគ្នានេះ​សាខាសមាគម បាន​នាំយក នូវ​អំណោយ​ដ៏​ថ្លៃថ្លា ដែលជា​មូលនិធិ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធាន​គណៈអចិន្ត្រៃយ៍​ស​មា​គម និង​ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ទៅ​ប្រគេន​ព្រះសង្ឃ ដោយ​ក្នុង ១​វត្តៗ ទទួលបាន​បច្ច័យ​ចំនួន ២០​ម៉ឺន​រៀល​, អង្ករ ៥​កា​រ៉ុង​, មី ២​កេស​, ទឹកត្រី ២​យួរ​,​ទឹក​ស៊ី​អី​វ ២​យួរ​, ត្រីខ​២​ឡូ​, ម៉ាស់ ៥​ប្រអប់​, ទឹក​អាកុល​៥​លីត្រ​,​និង​ទឹក​សុទ្ធ ៥​កេស ព្រមទាំង​បាន​ជូន​ថវិកា​មួយចំនួន​ដល់​លោកយាយ លោកតា ពុទ្ធបរិស័ទ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ផងដែរ​៕​