ខេត្តកំពង់ចាម បើ​កក​វេទិកា​ផ្សព្វផ្សាយ អំពី​លទ្ធភាព​ឥណទាន ដល់​កសិករ ចិញ្ចឹម​ត្រី មាន់ ទា និង​ដាំ​បន្លែ​

អត្ថបទ៖ ចិន សារ៉ាត

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ការរៀបចំ​កម្ម​វិធី​ធ្វើ​បទ​បង្ហាញ ស្តីពី​លទ្ធភាព នៃ​ការផ្តល់​ឥណទាន ដល់​កសិករ ច​ញ្ចឹ​ម​ត្រី មាន់ ទា និង​ដាំ​បន្លែ និង​អាជីវករ​ជា​ម្ចាស់​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កែច្នៃ​ផលិតផល កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​កសិកម្ម ដែល​បាន​ធ្វើឡើង នៅ​សាលាខេត្ត​កំពង់ចាម កាលពី​រសៀល​ថ្ងៃ ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នេះ ក្រោម​វត្តមាន ឯកឧត្តម កៅ ថាច អគ្គនាយក នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង សហការី ដោយមាន​ការចូលរួម​ពី លោក លោកស្រី អភិបាល រង ខេត្ត មន្ត្រី ពាក់ព័ន្ធ តាម​បណ្តា​ក្រុង ស្រុក និង​បងប្អូន​ប្រជាកសិករ សហគមន៍ ជាច្រើន​នាក់​ផងដែរ ។

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម កៅ ថាច អគ្គនាយក​ធានា​គារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានបញ្ជាក់​ពី​គោល បំណង នៃ​ការធ្វើ​បទ​បង្ហាញ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាកសិករ និង​អាជីវករ​បាន​យល់ដឹង ពី​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ដែលមាន​ទឹកប្រាក់រ​ហូ​តដល់ ៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្តល់​ឥណទាន​ការប្រាក់​ទាប ក្នុង​ការជួយ គាំទ្រ ដល់​ប្រជាកសិករ និង​អាជីវករ ឲ្យ មានលទ្ធភាព​ពង្រីក​អាជីវកម្ម និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ខ្សែចង្វាក់​ផលិតកម្ម​របស់ខ្លួន ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម ពង្រឹង​ការប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិត​ក្នុងស្រុក​ប្រកបដោយ​និរន្តរភាព សម្រាប់​ជម្រុញ​ទាំង​ការនាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស នៅក្នុង​ដំណាក់កាល ដែល​សេដ្ឋកិច្ចកម្ពុជា​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន កើតចេញពី​ជំងឺឆ្លង កូ​វីដ ១៩ ។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងថា ដោយមាន​ការយកចិត្ត​ទុកដាក់ ពី ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​មានការ​គាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​អនុវត្ត​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស របស់​រាជរដ្ឋាភិបាល ដើម្បី ផ្តល់​ឥណទាន​ដែលមាន​ការប្រាក់​ទាប សម្រាប់​គាំទ្រ​ដល់​បងប្អូន​ប្រជាកសិករ​។ ជាមួយគ្នា​នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ជម្រុញ និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាកសិករ ទាំងអស់ ត្រូវ​រៀបចំ​ផែន​ការដាំដុះ និង​ការ​ចិញ្ចឹមសត្វ ឲ្យ បានច្បាស់លាស់ ដើម្បី​មានលទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ ឲ្យ បាន​តាម​តម្រូវការ និង​មាន​និរន្តរភាព ហើយ​មន្ទីរជំនាញ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​លោក អភិបាលស្រុក​ទាំងអស់ ត្រូវ​ជួយផ្តល់​ការគាំទ្រ​ដល់​ពួកគាត់ ឲ្យ បាន​ដិតដល់​ផងដែរ ៕