អត្ថបទ៖ ចិន សារ៉ាត

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្ដម កែវ នាឬទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ។
គួសបញ្ជាក់ថា យោងដីកា ស្ដីពីការតែងតាំង និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងមន្ត្រី ចំនួន ០៦រូប ទៅក្នុងរចនាសម្ព័ន្ធមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ក្នុងនោះមាន ៖ ថ្នាក់អនុប្រធានមន្ទីរចំនួន ០២រូប ថ្នាក់ប្រធានការិយាល័យចំនួន ២រូប និងថ្នាក់អនុប្រធានការិយាល័យ ចំនួន ០២រូប ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម កែវ នាឬទ្ធិ បានណែនាំដល់មន្ត្រី ដែលទើបតែងតាំង ចូលកាន់តំណែងថ្មី ត្រូវមានសាមគ្គីភាព ខិតខំបំរើការងារលើវិស័យព័ត៌មាន ពោលគឺ ត្រូវធ្វើយ៉ាងណា ផ្សព្វផ្សាយព័ត៌មាន បានជ្រោតជ្រាប ទៅដល់សាធារណៈជន ពិសេស ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់សុខសន្តិសង្គម បង្កឲ្យមានការភាន់ច្រលំ ពីសំណាក់មហាជនទូទៅ មកលើការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ។ ជាមួយក៏ត្រូវខិតខំពង្រឹងសមត្ថភាព របស់ខ្លួន តាមរយៈ ការសិក្សារៀនសូត្រទាំងផ្នែកភាសា និងបច្ចេកទេស ដើម្បី ដើរទាន់សភាពការណ៍វិវឌ្ឍ នៃប្រទេសជាតិ ក៏ដូចជា សកលលោក ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរង ខេត្តកំពង់ចាម ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញគ្រប់គ្រងព័ត៌មានទូរទស្សន៍ និងវិទ្យុក្នុងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ការផ្សព្វផ្សាយអំពីអនាម័យ និងវិធីបង្ការការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ឲ្យបន្តអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី ជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ គ្រប់ៗគ្នា ផងដែរ ៕


