ដោយ៖ ភ័ណ្ឌ ប៉ាង
កំពង់ចាម៖ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានល្អគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាបាន នូវប្រក្រតីភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត ។
លោកអភិបាលរងខេត្ត បានថ្លែងដូច្នេះ នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំ របស់គណៈកម្មការ ភូមិ-ឃុំ-សង្តាត់ មានសុវត្ថិភាព។
លោក ខ្លូត ចិន្តា បានបានថ្លែងទៀតថា ការរផ្តល់សេវាសាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការអនុវត្តច្បាប់ចរាចរណ៍ ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ការបង្ក្រាបសកម្មភាពក្មេងទំនើង ការផ្តល់អន្តរាគមន៍គ្រោះថ្នាក់ អគ្គិភ័យ និងការសង្គ្រោះជនរងគ្រោះនានា ត្រូវបានលើកកម្ពស់ យកចិត្តទុកដាក់ជំរុញ និងពង្រឹងការអនុវត្តជាប្រចាំ។ ជាក់ស្ដែងចលនាប្រលងប្រណាំងក្នុងការចាត់តាំងអនុវត្ត គ.ភ.ឃ.ស. ពាក់ព័ន្ធនឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មានឃុំ សង្កាត់ចំនួនជាមធ្យម ៧០%នៃឃុំ សង្កាត់សរុបទូទាំងប្រទេស ចំនួន១.៦៥៣ ទទួលបានចំណាត់ថ្នាក់លេខ១ជារៀងរាល់ឆ្នាំ។
លោកអភិបាលរងខេត្តបានឱ្យដឹងទៀតថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួងមហាផ្ទៃបានសម្រេចនូវលទ្ធផល សំខាន់ៗ មួយចំនួនទៀត មានដូចជា បានបង្កើត និងដាក់ឱ្យដំណើរការនូវលេខាធិការ ភូមិ-ឃុំ-សង្តាត់ មានសុវត្ថិភាពក្នុង ខែកក្កដា ឆ្នាំ២០២២ ដើម្បីជួយក្រសួងមហាផ្ទៃ បំពេញតួនាទី និងភារកិច្ចប្រចាំថ្ងៃ។
ក្នុងឱកាសនោះដែរ លោក ខ្លូត ចិន្តា បានសំណូមពរទៅដល់ មន្ត្រីរាជការ និងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាធារណៈជន នឹងបន្តកិច្ចសហការ ផ្តល់ការគាំទ្រ និងចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលឲ្យកាន់តែសកម្ម នឹងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿន ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ៕