ឯកឧត្តម ស្រី សុភ័ក្រ្ត ណែនាំដល់មន្ត្រីអត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យឲ្យច្បាស់លាស់មុនពេលធ្វើសៀវភៅអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ

ភ័ណ្ឌ ប៉ាង

កំពង់ចាម៖ អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ស្រី សុភ័ក្រ្ត នាព្រឹកថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៤នេះ បានលើកឡើងថា ចាប់ពីពេលនេះតទៅ នៅពេលដែលប្រជាពលរដ្ឋ មកធ្វើ លិខិតបញ្ជាក់ជាតិកំណើត សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្របញ្ជាក់មរណៈភាព សំបុត្រមរណភាព អត្តសញ្ញាណបណ្ណ សូមឲ្យមន្រ្តីអត្រានុកូលដ្ឋានធ្វើការដោយមានការប្រុងប្រយ័ត្នខ្ពស់ មានការទទួលខុសត្រូវ និងធ្វើឲ្យលឿនរហ័សជូនប្រជាពលរដ្ឋ។

 ឯកឧត្តម អភិបាលរងខេត្តថ្លែងបែបនេះ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំស្តីពី «លទ្នផលនៃការចុះត្រួតពិនិត្យ និងការគាំទ្រកិច្ចការអត្រានុកូលដ្ឋានតាមបណ្តាលក្រុង ស្រុកចំណុះខេត្តកំពង់ចាម» ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្រី សុភ័ក្រ្ត បានមានប្រសាសន៍ថា តាមរយៈការសិក្សាផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋនាពេលកន្លងមក ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋជាច្រើនកំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅ ក្នុងបញ្ជី និងសំបុត្រអត្រានុកូលដ្ឋាន ជាមួយឯកសារអត្តសញ្ញាណដទៃទៀត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជី អត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ជាពិសេសការចុះបញ្ជីក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័ត ដែលបានធ្វើឱ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុងការស្នើសុំសេវារដ្ឋបាលផ្សេងៗ។ ហើយ នីតិវិធីក្នុងការកែតម្រូវនិងការមោឃភាពបញ្ជីអត្រានុកូលដ្ឋានបច្ចុប្បន្នមានភាពលំបាកស្មុគស្មាញដែលមិនអាចឆ្លើយតបបានទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃក៏បានធ្វើការណែនាំអំពីការកែតម្រូវ និងការធ្វើមោឃភាពបញ្ជី អត្រានុកូលដ្ឋាន ដើម្បីដោះស្រាយការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋ ដូចខាងក្រោម៖ ករណីរកឃើញបញ្ហាដូចខាងលើនេះ នាយកដ្ឋានអត្រានុកូលដ្ឋាននឹងជូនដំណឹងដល់សាមីខ្លួន ឬ អាណាព្យាបាល តាមរយៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីឱ្យដាក់ពាក្យសុំធ្វើមោឃភាពបញ្ជីអត្រានុកូល ដ្ឋានដែលបានចុះលើសពីមួយដងនោះ ដើម្បីធ្វើការជ្រើសរើសយកបញ្ជីណាមួយដែលជាទិន្នន័យត្រឹមត្រូវដើម្បី ប្រើប្រាស់ជាផ្លូវការ។

ទន្ទឹមពេលជាមួយគ្នានោះដែរ ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានថ្លែងថា នៅពេលខាងមុខក្រសួងមហាផ្ទៃ នឹងចាប់ផ្តើមយន្តការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្រ្តីអត្រាអនុកូលដ្ឋាន នៅតាមក្រុង ស្រុក អាចមានសិទ្ធិកែតំរូវ នូវការខុសឆ្គងផ្សេងៗ នៅលើសៀវភៅអត្រាអនុកូលដ្ឋាន ហើយការប្រើប្រាស់ប្រព័ន្ធនេះ ក៏មានទទួលនូវការគាំទ្រ យ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។ 

ឯកឧត្តម បានគូសបញ្ជាក់ថា នៅពេលដែលមានប្រព័ន្ធចាប់ផ្តើមដំណើរ វានឹងបានជួយសម្រួលដល់ប្រជាពលរដ្ឋ ជួយដំណោះស្រាយសេវាទាំងអស់នៅកន្លែងតែមួយ (ច្រកចេញ-ចូលតែមួយ) ងាយស្រួល និងឆាប់រហ័ស ជាពិសេសការបោះពុម្ពផ្តល់សំបុត្រអត្រានុកូលដ្ឋាន និងសៀវភៅស្នាក់នៅ អាចធ្វើឡើងដោយផ្ទាល់ចេញពីប្រព័ន្ធ ជូនទៅប្រជាពលរដ្ឋតែម្តង ក្រោយបំពេញបែបបទគ្រប់គ្រាន់។